វៀតណាមប្តេជ្ញាជំរុញការបញ្ចប់ទាន់ពេលវេលានៃរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព
VOV ប្រចាំនៅថៃ -  
(VOVWORLD) - របៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតែបន្តជាត្រីវិស័យ សម្រាប់ការស្តារឡើងវិញ ការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលខាងមុខ។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៨០ របស់ ESCAP នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ (រូបថត៖ VOV Bangkok) |
នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃនិងជាប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅគណៈកម្មការសេដ្ឋកិច្ច និងសង្គមតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) លោក Pham Viet Hung ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៨០ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៥ មេសា នៅទីក្រុងបាងកក ប្រទេសថៃ។
ថ្លែងមតិក្នុងសម័យប្រជុំលើប្រធានបទ “វាយតម្លៃការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” លោកឯកអគ្គរដ្ឋទូត Pham Viet Hung បានអះអាងថា៖ “វៀតណាមសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការលើកកម្ពស់ការសម្រេចបានទាន់ពេលវេលានៃរបៀបវារៈឆ្នាំ ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនោះ យើងបានបញ្ចូលរបៀបវារៈឆ្នាំ ២០៣០ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយអនុវត្តគោលនយោបាយជាបន្តបន្ទាប់ស្តីពីការអប់រំ សន្តិសុខសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ...។ វៀតណាមទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការលុបបំបាត់ភាពក្រីក្រ ការធានាទឹកស្អាត និងអនាម័យ និងការទទួលបានការអប់រំប្រកបដោយគុណភាព ធានាបាននូវការគ្របដណ្តប់សុខភាពជាសកល បង្កើតការងារ និងការពង្រឹងការគ្របដណ្តប់សន្តិសុខសង្គម ឧស្សាហូបនីយកម្ម ការច្នៃប្រឌិត ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសន្តិភាព”។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ និងជាប្រធានគណៈប្រតិភូវៀតណាមនៅ ESCAP Pham Viet Hung (រូបថត៖ VOV Bangkok) |
លោកឯកអគ្គរដ្ឋទូត Pham Viet Hung បានសង្កត់ធ្ងន់ថា ដើម្បីបន្តអភិវឌ្ឍ ស្តារឡើងវិញដោយបៃតង និងនិរន្តរភាពនាពេលខាងមុខ ចាំបាច់ត្រូវបន្តអនុវត្តវិធីសាស្រ្តផ្តោតលើប្រជាជន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។ លើសពីនេះ ប្រទេស និងតំបន់ដែនដីត្រូវផ្តល់អាទិភាពដល់ការវិនិយោគលើធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធជាឧបករណ៍សម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងការលើកកម្ពស់តួនាទីរបស់យុវជន ជាពិសេសតាមរយៈការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិត និងសហគ្រិនភាព៕
VOV ប្រចាំនៅថៃ