វៀតណាមបានចុះហត្ថលេខាលើអនុសញ្ញាពហុភាគី អំពីការប្រឆាំងសំណឹកមូលដ្ឋានពន្ធ
(VOVWORLD) - នាថ្ងៃទី ៩ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នៅទីក្រុងប៉ារីស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Dinh Toan Thang តាងនាមថ្នាក់ដឹកនាំនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើអនុសញ្ញាពហុភាគីស្តីពីការអនុវត្តវិធានការពាក់ព័ន្ធដល់កិច្ចព្រមព្រៀងសំដៅរាំងស្កាត់សំណឹកមូលដ្ឋានពន្ធ និងការផ្ទេរប្តូរប្រាក់ចំណេញ (MLI) ឬបានហៅថា ជាឧបករណ៍ពហុភាគី ដែលគ្របដណ្តប់លើកិច្ចព្រមព្រៀងពន្ធទ្វេភាគីជាង ១.៨០០។ ដូច្នេះ វៀតណាមបានក្លាយជាសមាជិកផ្លូវការទី ៩៩ នៃកិច្ចព្រមព្រៀង MLI ។
ពិធីប្រគល់អនុសញ្ញា MLI រវាងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang និងអគ្គលេខាធិការរង OECD លោក Yoshiki Takeuchi។ (រូបថត៖Tan Dang/TTXVN) |
ថ្លែងមតិក្នុងពិធីចុះហត្ថលេខា អគ្គលេខាធិការរង OECD លោក Yoshiki Takeuchi បានស្វាគមន៍ចំពោះវៀតណាម រួមទាំងបណ្តាប្រទេសនិងតំបន់ដែនដីផ្សេងទៀតដែលបានចូលរួមក្នុង MLI (ថៃ និងឡេសូតូ); ហើយបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការសំណឹកមូលដ្ឋានពន្ធដារ និងការផ្ទេរប្តូរប្រាក់ចំណេញ នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានសកម្មភាពសមូហភាព និងការរួមដៃគ្នារបស់ភាគីទាំងអស់។
លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានអះអាងថា ការពង្រីកមូលដ្ឋានពន្ធដារ ទប់ស្កាត់ការសំណឹកប្រាក់ចំណូល និងការផ្ទេរប្តូរប្រាក់ចំណេញ គឺជាភារកិច្ចស្នូលក្នុងយុទ្ធសាស្ត្រកំណែទម្រង់ប្រព័ន្ធពន្ធដាររបស់វៀតណាម ហើយការចុះហត្ថលេខានិងអនុវត្តការប្តេជ្ញាអន្តរជាតិពាក់ព័ន្ធ ដូចជា MLI ត្រូវបានកំណត់ជាអាទិភាព និងកំពុងត្រូវបានក្រសួងហិរញ្ញវត្ថុវៀតណាមអនុវត្តន៍៕