វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងគណៈកម្មការទន្លេមេគង្គ

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងដែរថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ ហើយបាននឹងកំពុងបន្តចូលរួមសកម្មភាពរបស់ MRC យ៉ាងសកម្ម និងស្ថាបនា ធានាបាននូវសុខដុមរមនាផលប្រយោជន៍របស់ប្រជាជននៃប្រទេស និង ផលប្រយោជន៍របស់ប្រទេសក្នុងអាងទន្លេមេគង្គ និងសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។
វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងគណៈកម្មការទន្លេមេគង្គ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៥ ខែមេសា នៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ កិច្ចប្រជុំកំពូលលើក ទី ៤ នៃគណៈកម្មការទន្លេមេគង្គអន្តរជាតិ ក្រោមប្រធានបទ “ការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ដីសណ្តទន្លេមេគង្គ” ត្រូវបានប្រារព្ធឡើងជាផ្លូវការ។ អញ្ជើញចូលរួមក្នុងសន្និសីទនេះមានវត្តមាននាយករដ្ឋមន្ត្រីវៀតណាម ឡាវ កម្ពុជា អគ្គលេខាធិការនៃការិយាល័យធនធានទឹកប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍  អង្គការអន្តរជាតិ តំបន់ អង្គការសង្គម និងសហគមន៍។

ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) ដោយចាត់ទុកថា សមិទ្ធិផលរបស់ MRC បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារបរិស្ថាន និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនជិត ៧០ លាននាក់នៅតំបន់អាងទន្លេ។ ថ្វីត្បិតដូច្នេះ លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភផងដែរថា អាងទន្លេកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ដោយ សារឥទ្ធិពលរួមនៃការប្រែប្រួលអាកាសធាតុ សម្ពាធនៃតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកើនឡើងនៃការប្រើប្រាស់ទឹកយ៉ាងឆាប់រហ័ស។ ផលប៉ះពាល់ទាំងនេះកាន់តែធ្ងន់ធ្ងរទៅៗ នៅខាងក្រោមនៃតំបន់ដីសណ្ដទន្លេ Cuu Long របស់វៀតណាម ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជិត ២០ លាននាក់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខធនធានទឹក និងសន្តិសុខស្បៀងសម្រាប់ប្រទេសទាំងអស់នៅក្នុងអាងទន្លេ។ លោកនាយករដ្ឋមន្ត្រីបានដាក់សំណើមួយចំនួនស្ដីពីការតម្រង់ទិសកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការនាពេលខាងមុខ។ “ដំបូងបង្អស់ ចាំបាច់ត្រូវបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំបំផុត គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តន៍កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ក៏ដូចជាក្រមនៃបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ទឹកដែលបានបង្កើតឡើង ហើយទន្ទឹមនឹងនោះ ផ្តោតលើការអនុវត្តឱ្យបានល្អនូវផែនការរបស់គណៈកម្មការនិងយុទ្ធសាស្ត្រនៃគណៈកម្មការ ទន្លេមេគង្គអន្តរជាតិ។ ទីពីរ រាល់គោលនយោបាយ និងសកម្មភាពទាំងអស់ ត្រូវតែផ្តោតលើ ប្រជាជនគ្រប់ជ្រុងជ្រោយ និងទូលំទូលាយក្នុងមូលដ្ឋាន ដើម្បីធានាបាននូវជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយនិរន្តរភាព បង្កើនភាពធន់ និងការពឹងផ្អែកលើខ្លួនឯង ការលើកកម្ពស់ ការសម្របខ្លួន និងភាពធន់នៃសហគមន៍នីមួយៗ ចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។ ទីបី ពង្រឹងការសម្របសម្រួលរវាង MRC និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់ផ្សេងទៀត ដែលក្នុងនោះការលើកកម្ពស់តួនាទីនៃមជ្ឈមណ្ឌលចំណេះដឹងរបស់គណៈកម្មការទន្លេមេគង្គអន្តរជាតិផងដែរ”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានអះអាងដែរថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ ហើយបាននឹងកំពុងបន្តចូលរួមសកម្មភាពរបស់ MRC យ៉ាងសកម្ម និងស្ថាបនា ធានាបាននូវសុខដុមរមនាផលប្រយោជន៍របស់ប្រជាជននៃបណ្តាប្រទេស និង ផលប្រយោជន៍របស់ប្រទេសក្នុងអាងទន្លេមេគង្គ និងសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។

នៅព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការ ងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នៅទីនេះ នាយករដ្ឋមន្ត្រីទាំងបីរូបបានឯកភាពបន្តរក្សាទម្រង់នៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងបី ដើម្បីរឹតបន្តឹងជានិច្ចនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។  នាយករដ្ឋមន្ត្រីទាំងបីរូប បានឯកភាពសម្របសម្រួលក្នុងការពង្រឹងការការពារជាតិ និងសន្តិសុខតាមព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់ឧបាយកលបំផ្លិចបំផ្លាញទំនាក់ទំនងរបស់ប្រទេសទាំងបី។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីបានអះអាងរួមគ្នាថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមចំណែករក្សា និងពង្រឹងចំណងសាមគ្គីភាព ឯកភាព និងតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ