វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - គោលនយោបាយឥតងាករេរបស់វៀតណាម គឺតែងតែគោរពនិងធានានូវសេរីភាពខាងជំនឿសាសនានិងសេរីភាពគ្មានជំនឿសាសនារបស់ពលរដ្ឋ។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដែលបានធ្វើឡើង នាថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងហាណូយ នៅពេលផ្តល់ចំលើយស្តីពីការឆ្លើយតបរបស់វៀតណាមចំពោះរបាយការណ៍ស្តីពីសេរីភាពសាសនាឆ្នាំ ២០១៩ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
“យើងខ្ញុំទទួលស្គាល់ថា ក្រសួងការបរទេសអាមេរិកបានលើកឡើងនូវសមិទ្ធិផលនិងវឌ្ឍនភាពរបស់វៀត ណាម ក្នុងការធានាលើកកម្ពស់ជីវភាពខាងជំនឿសាសនានៅវៀត ណាម។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ស្តីពីសេរីភាពខាងជំនឿសាសនាឆ្នាំ ២០១៩ នៅតែមានព័ត៌មានមិនត្រឹមត្រូវនិងមិនទាន់បានពិនិត្យបញ្ជាក់ច្បាស់អំពីស្ថាន ភាពនៅប្រទេសវៀតណាមនោះឡើយ ។ យ៉ាងណាមិញ វៀតណាមបន្តរក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការនិងធ្វើការផ្លាស់ប្តូរមតិយោបល់ជាមួយសហរដ្ឋអាមេរិកលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងស្មារតីស្មោះត្រង់ បើកទូលាយនិងគោរពគ្នាទៅវិញទៅមក តាមរយៈក្របខ័ណ្ឌសន្ទនាទ្វេភាគី ក្នុងនោះមានកិច្ចសន្ទនាអំពីសិទ្ធិមនុស្សប្រចាំឆ្នាំផង។ ដោយហេតុនេះ រួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Le Thi Thu Hang។
ក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ផងដែរថា វៀត ណាមយកចិត្តទុកដាក់និងចែករំលែកជាមួយរដ្ឋាភិបាលអាមេរិក អំពីស្ថានភាពបាតុកម្មនិងអំពើហិង្សាកើតឡើងនៅទីតាំងមួយចំនួន ដែលជះឥទ្ធិពលដល់សន្តិសុខ សេដ្ឋកិច្ចនិងសង្គមរបស់ប្រជាជនអាមេរិក។ វៀត ណាមសង្ឃឹមថាស្ថានភាពនេះនឹងមានស្ថេរភាពឡើងវិញយ៉ាងឆាប់ៗ ហើយប្រជាជនអាមេរិកនឹងបានវិលត្រ ឡប់ទៅរកជីវភាពធម្មតាវិញជាពុំខាន៕