វៀតណាមបំពេញប្រកបដោយជោគជ័យតួនាទីជាប្រធាន ACCSM ២១
(VOVWORLD) - ACCSM ២១ គឺជាកិច្ចប្រជុំកំពូលនៃប្រមុខកិច្ចការសាធារណៈអាស៊ាន និងអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) ប្រទេសដៃគូសន្ទនា និងវេទិកាស្តីពីអភិបាលកិច្ចប្រទេសជាតិល្អ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Pham Thi Thanh Tra ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ (រូបថត៖ Van Diep/TTXVN) |
នារសៀលថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលនៃសន្និសីទកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការសាធារណៈលើកទី ២១ (កិច្ចប្រជុំ ACCSM ២១)។ ACCSM ២១ គឺជាកិច្ចប្រជុំកំពូលនៃប្រមុខកិច្ចការសាធារណៈអាស៊ាន និងអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) ប្រទេសដៃគូសន្ទនា និងវេទិកាស្តីពីអភិបាលកិច្ចប្រទេសជាតិល្អ។
តំណាងក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានអនុម័តលើរបៀបវារៈចំនួន ៩ ជាមួយនឹងការសម្រេចចិត្តសំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការកំណត់កិច្ចការសាធារណៈអាស៊ានប្រកបដោយវិជ្ជាជីវៈ ការចែករំលែក និងការអភិវឌ្ឍនិរន្តរភាព។ ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា ក្រសួងមហាផ្ទៃវៀតណាម-ដោយមានតួនាទីជាប្រធានប្តូរវេន ACCSM ២១ បានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកម្មាភិបាលជាន់ខ្ពស់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី-ប្រមុខនៃកិច្ចការសាធារណៈរបស់បណ្តាប្រទេសអាស៊ាន អាស៊ាន+៣ និងវេទិកាអភិបាលកិច្ចប្រទេសជាតិល្អ។ តំណាងមកពីប្រទេសផ្សេងៗបានផ្តោតទៅលើការពិភាក្សាលើបញ្ហាមួយចំនួនដូចជា៖ បញ្ហាប្រឈមសម្រាប់កិច្ចការសាធារណៈអាស៊ានក្នុងដំណាក់កាលក្រោយជំងឺកូវីដ-១៩ និងធ្វើឌីជីថលសេវាសាធារណៈ។ លោក Pham Minh Hung ប្រធាននាយកដ្ឋានកំណែទម្រង់រដ្ឋបាល នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ “យន្តការនៃការគ្រប់គ្រង ការជ្រើសរើស និងប្រើប្រាស់ ការបង្កើតឱកាសសម្រាប់កម្មាភិបាល បុគ្គលិក; បន្ទាប់មក គំរូនៃការគ្រប់គ្រងកម្មាភិបាល បុគ្គលិក ឆ្ពោះទៅរកការកសាងក្រុមកម្មាភិបាល បុគ្គលិកប្រកបដោយវិជ្ជាជីវៈ សុចរិតភាព បម្រើប្រជាពលរដ្ឋ ហើយទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនៃមុខងារសាធារណៈរបស់ប្រទេសមួយចំនួន។ ក្នុងការបណ្តុះបណ្តាលវិញគឺមានទម្រង់ផ្សេងៗគ្នាជាច្រើន តាមរយៈប្រព័ន្ធដែលលើកទឹកចិត្តដល់កម្មាភិបាល បុគ្គលិក ឱ្យបណ្តុះបណ្តាលខ្លួនឯង និងរៀនសូត្រសម្រាប់ជីវិត។ ជាងនេះទៅទៀត កំណែទម្រង់សេវាសាធារណៈ គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងមុខងារសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ។ នេះក៏ជាគោលនយោបាយដែលវៀតណាមកំពុងអនុវត្តន៍នាពេលនេះផងដែរ”៕