វៀតណាមប្រកាន់ខ្ជាប់នូវទស្សនៈអំពីបញ្ហាតៃវ៉ាន់ (ចិន)
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់សារជាថ្មីនូវទស្សនៈដ៏ឥតងាករេរបស់ វៀតណាមអំពី គោលនយោបាយ "ចិនតែមួយ" ព្រមទាំងមានបំណងចង់ឲ្យភាគីនានាអត់ធ្មត់ និងបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ |
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១១ សីហា នៅទីក្រុងហាណូយ ឆ្លើយសំណួរទាក់ទងនឹងស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់សារជាថ្មីនូវទស្សនៈដ៏ឥតងាករេរបស់វៀតណាមអំពី គោលនយោបាយ "ចិនតែមួយ" ព្រមទាំងមានបំណងចង់ឲ្យភាគីនានាអត់ធ្មត់ និងបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖
“វៀតណាមយកចិត្តទុកដាក់ ហើយតាមដានយ៉ាងដិតដល់នូវស្ថានភាព នៅច្រកសមុទ្រតៃវ៉ាន់។ វៀតណាមចាត់ទុកថា សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រនេះ មានអត្ថន័យសំខាន់សម្រាប់តំបន់និងពិភពលោកក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាច្រើននាពេលបច្ចុប្បន្ន។ ទស្សនៈរបស់វៀតណាមចំពោះបញ្ហាតៃវ៉ាន់គឺឥតងាករេ ដែលត្រូវបានបង្ហាញនៅក្នុងឯកសាររួមក្នុងដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងវៀតណាម និងចិន។ ដោយ ឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ វៀតណាមមានបំណងចង់ឲ្យភាគីពាក់ព័ន្ធអត់ធ្មត់ ជៀសវាងការធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ដូចជានៅទូទាំងពិភពលោកផងដែរ”។
ទាក់ទងនឹងស្ថានការណ៍តានតឹងរវាងអាមេរិកនិងចិន បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានចាត់ទុកថា អាមេរិកនិងចិន គឺជាប្រទេសដែលមានឥទ្ធិពលលើទូទាំងពិភពលោក និងជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ ដូច្នេះ ភាពតានតឹងរវាងភាគីទាំងពីរនឹងមិនអំណោយផលដល់ការអភិវឌ្ឍនៃពិភពលោកទាំងមូលឡើយ។ វៀតណាមមានបំណងចង់ឲ្យភាគីទាំងពីរមានការសន្ទនា ហើយបញ្ជាក់ផងដែរថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងពីរ៕