វៀតណាមផ្តោតសំខាន់លើការរួមចំណែកក្នុងការអភិវឌ្ឍកីឡាអូឡាំពិកអន្តរជាតិ
(VOVWORLD) - នៅក្នុងជំនួបនេះ ប្រធាន IOC បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការអភិវឌ្ឍវិស័យកីឡារបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមចំណែកក្នុងការអភិវឌ្ឍកីឡាអូឡាំពិកអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung ជួបជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) (រូបថត៖ Khanh Van/TTXVN) |
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ២៦ នៃសមាគមគណៈកម្មាធិការជាតិអូឡាំពិក (ANOC) នាថ្ងៃទី ១៨ ខែតុលា នៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម លោក Nguyen Van Hung បានទទួលជួបជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
នៅក្នុងជំនួបនេះ ប្រធាន IOC បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការអភិវឌ្ឍវិស័យកីឡារបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមចំណែកក្នុងការអភិវឌ្ឍកីឡាអូឡាំពិកអន្តរជាតិ។ លោក Thomas Bach សង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យកីឡា ជាពិសេសកីឡាអូឡាំពិក ដើម្បីឲ្យកីឡាវៀតណាមមានឋានៈកាន់តែប្រសើរលើឆាកអន្តរជាតិ។
នាថ្ងៃដដែល រដ្ឋមន្ត្រី Nguyen Van Hung បានធ្វើការជាមួយលោក James Macleod នាយកផ្នែកកិច្ចការបរទេស និងទំនាក់ទំនងជាមួយគណៈកម្មាធិការជាតិអូឡាំពិកនៃ IOC។ នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Van Hung បានអះអាងថា ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវ វៀតណាមបានចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពរបស់ IOC និងសហការជាមួយអង្គការនានាដើម្បីជំរុញចលនាអូឡាំពិកក្នុងប្រទេសនិងតំបន់។
ជាការឆ្លើយតប លោក James Macleod បានបញ្ជាក់ថា IOC តែងតែត្រៀមខ្លួនជាស្រេចលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកីឡាខ្លាំងៗមួយចំនួនដើម្បីទទួលបានលទ្ធផលល្អបំផុតសម្រាប់ ASIAD ឬថ្មីៗនេះ កីឡាអូឡាំពិកឆ្នាំ ២០២៤៕