វៀតណាមផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការងារការពារពលរដ្ឋនៅអ៊ុយក្រែន
(VOVWORLD) - នារសៀលថ្ងៃទី ៦ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ទៀងស្តាប់ក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធរាយការណ៍អំពីការងារការពារពលរដ្ឋវៀតណាមនៅអ៊ុយក្រែន។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញផ្ទៀងស្តាប់របាយការណ៍ស្តីពីការងារការពារពលរដ្ឋវៀតណាមនៅអ៊ុយក្រែន (រូបថត៖ vov.vn) |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach បានរាយការណ៍អំពីស្ថានភាពការពារពលរដ្ឋនៅអ៊ុយក្រែន តាមរយៈទម្រង់អនឡាញ។ ស្ថានទូតបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធដើម្បីជួយឧបត្ថម្ភនិងបញ្ចូនពលរដ្ឋវៀតណាមទាំងអស់ដែលចង់ជម្លៀសចេញពីតំបន់សង្គ្រាម។
បច្ចុប្បន្ននេះ នៅតែមានពលរដ្ឋវៀតណាមមួយចំនួនដែលចង់ស្នាក់នៅដើម្បីមើលថែអចលនទ្រព្យ ដូចជានៅទីក្រុង Kharkov រដ្ឋ Odessa ដែលជាកន្លែងមានជនជាតិវៀតណាមរស់នៅច្រើន។ ពលរដ្ឋវៀតណាមមួយចំនួនផ្សេងទៀតដែលនៅរាយប៉ាយក្នុងតំបន់ជាច្រើនរបស់អ៊ុយក្រែន ត្រូវបានជម្លៀសចេញទៅតាមតំបន់ជនបទ។
បន្ទាប់ពីបានផ្ទៀងស្តាប់របាយការណ៍មក លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋវៀតណាម។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ស្មារតីដឹកនាំរបស់បក្ស រដ្ឋ និងអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន គឺមិនត្រូវបណ្តោយឱ្យប្រជាជនវៀតណាមនៅតំបន់សង្រ្គាមត្រូវស្លាប់ ឬរបួសឡើយ។ ដូច្នេះការងារការពារប្រជាពលរដ្ឋត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេស។ ទន្ទឹមនឹងនោះ មិនត្រូវទុកឲ្យប្រជាជនអត់ឃ្លានឬត្រជាក់ក្នុងអំឡុងពេលជម្លៀសនោះទេ។ ក្រសួងការបរទេសត្រូវទទួលបន្ទុកជាចម្បង និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាក្នុងការអនុវត្តការណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី មានផែនការអនុវត្តន៍ការងារការពារពលរដ្ឋជាក់ស្តែង ជាពិសេសគឺការបញ្ចូនពលរដ្ឋវៀតណាមចេញពីតំបន់សង្គ្រាមប្រកបដោយសុវត្ថិភាព”។
រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្ថានភាពនៅអ៊ុយក្រែន ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh។ បច្ចុប្បន្ននេះ នៅអ៊ុយក្រែនមានជនជាតិវៀតណាមចំនួន ៧.០០០នាក់។ មកទល់ពេលនេះ ប្រជាជនវៀតណាមជាង ៤០០នាក់ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនទៅកាន់ប្រទេសរ៉ូម៉ានី ហើយជនជាតិវៀតណាមជាង ១០០០នាក់ពីអ៊ុយក្រែនត្រូវបានជម្លៀសទៅកាន់ប្រទេសប៉ូឡូញ ហើយមានបំណងវិលត្រឡប់មកប្រទេសកំណើត។ តាមគម្រោង នៅថ្ងៃ៨ និងទី ៩ ខែមិនា វៀតណាមនឹងរៀបចំជើងហោះហើរដំបូងដើម្បីនាំយកក្រុមពលរដ្ឋវៀតណាមពីតំបន់ទាំងពីរនេះវិលត្រឡប់មកប្រទេសវិញ ៕