វៀតណាមផ្លាស់ប្តូរគំរូកំណើននិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍបៃតង

(VOVWORLD) - នាថ្ងៃទី ៣១ ឧសភា នៅឯសាលប្រជុំចេញផ្សាយពីទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ២ នៃភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកល (P4G) ឆ្នាំ ២០៣០ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In។ 
វៀតណាមផ្លាស់ប្តូរគំរូកំណើននិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍបៃតង - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ២ នៃភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០ តាមប្រព័ន្ធវីដេអូ (រូបថតៈក្រសួងការបរទេស)

សកម្មភាពសំខាន់បំផុតនៃកិច្ចប្រជុំកំពូលគឺសម័យប្រជុំពិភាក្សាជាន់ខ្ពស់ ដែលបានធ្វើឡើងនាយប់ថ្ងៃទី ៣១ ខែឧសភា (ម៉ោងនៅវៀតណាម) ដោយមានការចូលរួមតាមទម្រង់វីដេអួ របស់មេដឹកនាំនៃសាធារណរដ្ឋកូរ៉េដាណឺម៉ាក កូឡុំប៊ីនិងវៀតណាម ហូល្លង់ កេនយ៉ា កូស្តារីកា ប៉េរូ អូទ្រីស ថៃ កម្ពុជា ប្រធានគណៈកម្មការអឺរ៉ុប (EU) អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បេសកកជនពិសេសទទួលបន្ទុកការប្រែប្រួលអាកាសធាតុរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់ក្នុងនាមជាសមាជិកស្ថាបនិកនៃ P4G លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យសហគមន៍អន្តរជាតិរួមគ្នាដើម្បីដោះស្រាយប្រកបដោយសុខដុមរមនានូវតម្រូវការបន្ទាន់សម្រាប់ការស្តារសេដ្ឋកិច្ចជាមួយ នឹងតម្រូវការសម្រាប់ការអភិវឌ្ឍបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលក្រោយកូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីបានស្នើនូវដំណោះស្រាយសំខាន់ៗចំនួន ៦ រួមមាន៖ ទី ១ ការស្តារបៃតង សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ដោយចាំបាច់ត្រូវអនុវត្តន៍យ៉ាងខ្លាំងនៅថ្នាក់ជាតិ តំបន់និងពិភពលោក ដែលក្នុងនោះ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ទី ២ ការផ្លាស់ប្តូរបៃតងត្រូវមានដំណើរការសមស្រប ដោយគិតគូរពីលក្ខខណ្ឌនិងសមត្ថភាពផ្សេងៗគ្នារបស់ប្រទេសនីមួយៗ។ ដំណោះស្រាយទីបីគឺត្រូវយកចិត្តទុកដាក់ក្នុងការកសាងស្ថាប័ន ដោយលើកទឹកចិត្តឱ្យមានការឆ្លើយតបនិងការចូលរួមពីសំណាក់ស្ថាប័នទាំងអស់នៅក្នុងសង្គម ជាពិសេសអង្គភាពអាជីវកម្មនិងប្រជាជន។ ទី ៤ កែលម្អសមត្ថភាពបន្សាំនៅតាមកន្លែងដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានមហាអនុតំបន់មេគង្គនិងតំបន់ដីសណ្តទន្លេ Cuu Long នៅវៀតណាម។ ទី ៥ ទប់ស្កាត់ រុញថយក្រោយ និងដោះស្រាយជាមូលដ្ឋាននូវជំងឺរាតត្បាតកូវីដ ១៩ បង្កើនការផ្គត់ផ្គង់ប្រភពវ៉ាក់សាំង កិច្ចសហប្រតិបត្តិការការធ្វើដំណើរនិងការរក្សាស្ថេរភាពនៃបណ្តាញផ្គត់ផ្គង់ពិភពលោក។ ទី ៦ លើកកម្ពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ គោរពផលប្រយោជន៍រួមរបស់មនុស្សជាតិ ធានាបរិយាកាសអន្តរជាតិសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។

វៀតណាមផ្លាស់ប្តូរគំរូកំណើននិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍបៃតង - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំដែលចេញផ្សាយពីរដ្ឋធានីហាណូយ (រូបថត៖ ក្រសួងការបរទេស)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តបាននូវ “គោលដៅពីរទន្ទឹមគ្នា” ទាំងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ទាំងស្តារសេដ្ឋកិច្ចឡើងវិញ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖ “យកការផ្លាស់ប្តូរថ្មីនូវគំរូកំណើន ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ឡើងវិញ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង តម្រូវការទីផ្សារឧស្សាហកម្មដែលកំពុងរីកចម្រើននិងបង្កើនផលិតភាពការងារធ្វើជាការតម្រង់ទិសដៅ។ ជាមួយគ្នានោះ  យកមនុស្សធ្វើជាមជ្ឈមណ្ឌល ជាប្រធានបទ ពោលគឺ ជាធនធានផងនិងជាកម្លាំងចលករសំខាន់ផង រួមទាំងជាគោលដៅអភិវឌ្ឍន៍ខ្ពស់បំផុតផងដែរ។ យើងទន្ទឹងរងចាំបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពីបណ្តាប្រទេសអង្គការអន្តរជាតិនិងធុរកិច្ច។ ជាពិសេសនៅក្នុងគម្រោងសហប្រតិបត្តិការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រប្រកបដោយគុណភាពខ្ពស់ សេដ្ឋកិច្ចបៃតងសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីក្រុងឆ្លាត ។ល។ ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម”

អង្គប្រជុំបានវាយតំលៃខ្ពស់ចំពោះសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី នៅពេលបានផ្តល់សារច្បាស់និងខ្ជាប់ខ្ជួន ដោយអះអាងនូវគោលជំហរ របស់វៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។ នៅចុងបញ្ចប់នៃវគ្គពិភាក្សា ថ្នាក់ដឹកនាំបានឯកភាពអនុម័តសេចក្តីថ្លែងការណ៍ក្រុងសេអ៊ូល ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយរឹងមាំរបស់ថ្នាក់ដឹកនាំនិងដៃគូ P4G ព្រមទាំងផ្តល់ទិសដៅនិងដំណោះស្រាយសំខាន់ៗ ដើម្បីបម្រើដល់ការស្តារបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ននិងឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ