វៀតណាមម្ចាស់ការទាំងស្រុងក្នុងការធានាសន្តិសុខស្បៀងអាហារ
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុង Can Tho បានប្រព្រឹត្តទៅសន្និសីទអនុវត្តការគ្រប់គ្រងការនាំចេញអង្ករ។ សន្និសីទនេះត្រូវបានក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho សម្របសម្រួលរៀបចំឡើង ។
យោងតាមការប៉ាន់ស្មានរបស់ស្ថាប័នអន្តរក្រសួង រហូតដល់ចុងខែកក្កដាកន្លងទៅ វៀតណាមត្រូវបានប៉ាន់ប្រមាណនាំចេញអង្ករចំនួន ៤,៨៣ លានតោន ដែលមានតម្លៃ ២,៥៨ ពាន់លានដុល្លារ កើនឡើង ១៨,៧% អំពីបរិមាណ និងកើនឡើង ២៩,៦% អំពីតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅពីទីផ្សារនាំចេញសំខាន់ប្រពៃណីដែលត្រូវបានបន្តរក្សាដូចជា៖ ហ្វីលីពីន ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូតឌីវ័រ ហុងកុង(ចិន) និងទីផ្សារមួយចំនួនទៀតដូចជាសហភាពអឺរ៉ុប (EU) ក៏បានកត់សម្គាល់នូវកំណើនលេចធ្លោផងដែរ។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VOV |
ក្នុងសន្និសីទនេះ លោក Nguyen Nhu Cuong ប្រធាននាយកដ្ឋានដាំដុះដំណាំ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ស្ថានភាពផលិតកម្មស្រូវអង្ករ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long កំពុងមានភាពអំណោយផល។ ដូច្នេះ ឱកាសសម្រាប់នាំចេញអង្ករគឺធំធេងណាស់ ដែលអាចឈានដល់ជាង ៧,៥ លានតោន៖ “ជាមួយអ្វីៗដែលបានត្រៀមរៀបចំនោះ វៀតណាមអាចម្ចាស់ការទាំងស្រុងក្នុងការធានាសន្តិសុខស្បៀងអាហារក៏ដូចជាការនាំចេញ។ អាចបញ្ជាក់បានថា វៀតណាមនឹងនរចិត្តទាំងស្រុងក្នុងការធានាសន្តិសុខស្បៀងអាហារនៅកម្រិតខ្ពស់បំផុត មានដំណោះស្រាយសមស្របបំផុតដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាត ប្រសិនបើកើតមានឡើងក្នុងទ្រុងទ្រាយធំ”។
យោងតាមសមាគមស្បៀងអាហារវៀតណាម ការនាំចេញអង្កររបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ នាបច្ចុប្បន្ន វៀតណាមឈរលំដាប់ថ្នាក់ទី២ បន្ទាប់ពីឥណ្ឌា អំពីការនាំចេញអង្ករ។ នាពេលថ្មីៗនេះ ក្រោយរយៈពេលប្រហែល ២ សប្តាហ៍ចាប់តាំងពីឥណ្ឌាបានហាមឃាត់ការនាំចេញ (ចាប់ពីថ្ងៃទី ២០ ខែកក្កដា) តម្លៃអង្កររបស់វៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមសមាគមស្បៀងអាហារវៀតណាម ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំតម្រូវការនាំចូលអង្កររបស់បណ្តាប្រទេសនៅតែធំធេងណាស់។ នេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការផលិតនិងនាំចេញមុខទំនិញនេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានលើកច្បាស់ថា៖ “តម្លៃនាំចេញអង្ករមួយចំនួននាបច្ចុប្បន្នបានបង្កើតកំណត់ត្រាក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ ហើយតម្លៃស្រូវអង្កររបស់ប្រជាជនក៏ខ្ពស់ជាងផងដែរ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានបញ្ជាណែនាំយ៉ាងសកម្ម ហើយមូលដ្ឋាននានាក៏បានខិតខំប្រឹងប្រែង ជាពិសេសតំបន់ដីសណ្តទន្លេ Cuu Long ដែលមានផ្ទៃដីប្រមាណ ៧០០.០០០ ហិកតា កើនឡើងជាង ៥០.០០០ ហិកតា បើប្រៀបធៀបនឹងឆ្នាំមុន ត្រូវបានរំពឹងថានឹងទទួលបានស្រូវជាង៤៣លានតោន។ ក្នុងលក្ខខណ្ឌធម្មតាជាមួយនឹងការរំពឹងទុកនេះ បន្ទាប់ពីបានធានាសន្តិសុខស្បៀងអាហាររួចហើយ អាចនាំចេញស្បៀងអាហារពី ៧,៥ ដល់ ៨ លានតោន”។
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអះអាងថា នឹងតាមដានយ៉ាងជិតស្និទ្ធនូវការវិវឌ្ឍទីផ្សារដើម្បីកុំឱ្យមានភាពអសកម្ម និងភ្ញាក់ផ្អើលចំពោះការវិវឌ្ឍន៍ និងការផ្លាស់ប្តូរទីផ្សារនាំចេញ ឆ្លៀតយកឱកាសដើម្បីពង្រីកទីផ្សារ និងបញ្ជាក់ពាណិជ្ជសញ្ញាអង្ករវៀតណាមនៅលើទីផ្សារពិភពលោក៕