វៀតណាមមានគោលបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយស៊ុយអែត
(VOVWORLD) - នារសៀលថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែតលោក Robert Rydberg បានអញ្ជើញមកជួបសម្តែងការគួរសមរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son។
រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែតលោក Robert Rydberg បានអញ្ជើញមកជួបសម្តែងការគួរសមរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ An Dang/VNA) |
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមគោរព ហើយមានគោលបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយស៊ុយអែត។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ភាគីទាំងពីរមានលក្ខខ័ណ្ឌអំណោយផលជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យដែលវៀតណាមកំពុងផ្តល់អាទិភាពដល់កាអភិវឌ្ឍន៍ ហើយស៊ុយអែតមានប្រៀបខ្លាំង ដូចជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប ឆ្លើយតបតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុក្រិតរបៀបរបបអំពីច្បាប់ ការគ្រប់គ្រងសេដ្ឋកិច្ច សង្គម។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែតលោក Robert Rydberg បានអះអាងថា ស៊ុយអែតចាត់ទុកវៀតណាមជាដៃគូអាទិភាពមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយលោកមានគោលបំណងចង់រឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។ លោករដ្ឋលេខាធិការ Robert Rydberg បានឯកភាពបន្តជំរុញការផ្លាស់ប្ដូរជំនួបប្រាស្រ័យនយោបាយ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនសកម្មភាពពន្លឿនពាណិជ្ជកម្ម-វិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀតផងដែរ។
មុននោះ នាព្រឹកថ្ងៃទី ១០ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc និងរដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែត Robert Rydberg បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសស៊ុយអែត សំដៅពិភាក្សា អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕