វៀតណាមមានបំណងចង់អោយប្រទេសនានាមានការទទួលខុសត្រូវក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតនូវ ទស្សនៈឥតងាករេរបស់វៀតណាមចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និងTruong Sa ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវគោរពតាមច្បាប់អន្តរជាតិ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។
ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២៥ ខែកុម្ភះ តាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតនូវ ទស្សនៈឥតងាករេរបស់វៀតណាមចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់ វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និងTruong Sa ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវគោរពតាមច្បាប់អន្តរជាតិ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។
ឆ្លើយតបសំនួររបស់អ្នកយកព័ត៌មានដែលទាក់ទងទៅនឹងពត៌មានថានាវាឆ្មាំ សមុទ្រលេខ ២៣០៤ របស់ចិនបានធ្វើដំណើរខិតជិតដល់ស្ថានីយ៍គ្រប់គ្រងខួងប្រេងឧស្ម័ន Hai Thach ចំណុះប្លុក ៥០២ របស់ប្រទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស Le Thi Thu Hang បានលើកច្បាស់ថា៖
«អាជ្ញាធរមានសមត្ថកិច្ចវៀតណាម កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៅសមុទ្រខាងកើត និងការពារការអនុវត្តអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការជាតិនៅលើដែនទឹករបស់វៀតណាមឲ្យបានសមស្របតាមបទបញ្ញត្តិនៃច្បាប់អន្តរជាតិ និងសន្ធិសញ្ញា UNCLOS ឆ្នាំ១៩៨២។ រាល់សកម្មភាពរបស់បណ្តាប្រទេសនៅសមុទ្រខាងកើត ចាំបាច់ត្រូវគោរពតាមច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព សិទ្ធអធិបតេយ្យភាព សិទ្ធិយុត្តាធិការរបស់ប្រទេសជាប់ឆ្នេរសមុទ្រ ដែលបានកំណត់នៅក្នុងសន្ធិសញ្ញា UNCLOS ឆ្នាំ១៩៨២ ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតផងដែរ» ៕