វៀតណាមមានបំណងចង់ឲ្យសហគ្រាសអាមេរិកពង្រីកសកម្មភាពអាជីវកម្មវិនិយោគបន្ថែមទៀត

(VOVWORLD) - នារសៀលថ្ងៃទី ២៣ មីនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - អាស៊ាន (USABC) ជាមួយនឹងតំណាងនៃសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើននៅសហរដ្ឋអាមេរិក។ នេះជាជំនួបលើកទី៣ជាប់ៗគ្នាហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

វៀតណាមមានបំណងចង់ឲ្យសហគ្រាសអាមេរិកពង្រីកសកម្មភាពអាជីវកម្មវិនិយោគបន្ថែមទៀត - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដែលរួមមានសហគ្រាសឈានមុខគេចំនួនជាង ៥០ របស់អាមេរិក។ (រូបថត៖ Doan Tan/VNA)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍សហរដ្ឋអាមេរិកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់មហាសមុទ្រឥណ្ឌា-អាស៊ី-ប៉ាស៊ីហ្វិក ដោយតាមនោះរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យសហគ្រាសអាមេរិកបន្តរួមដំណើរជាមួយវៀតណាម តាមរយៈការពង្រីកសកម្មភាពអាជីវកម្ម វិនិយោគបន្ថែមទៀត ហើយរួមចំណែកក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19 ផងដែរ។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖

“យើងស្វាគមន៍ស្មារតីសន្ទនាក្រោមបាវចនាឈ្នះ-ឈ្នះ។ ក្រៅពីការដោះស្រាយការលំបាក និងឧបសគ្គជាក់លាក់សម្រាប់សហគ្រាស យើងក៏ពិភាក្សាដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស សមត្ថភាពអភិបាលកិច្ចរបស់រដ្ឋាភិបាល ក៏ដូចជាបរិ
យាកាសវិនិយោគអាជីវកម្មរបស់វៀតណាមឲ្យកាន់តែប្រសើរឡើងផងដែរ។ យើងបន្តស្តាប់មតិរបស់សហគមន៍ធុរកិច្ច បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសដើម្បីបន្តធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនិងជោគជ័យនៅវៀតណាម។ គ្មានមតិណាមួយរបស់សហគ្រាសដែលបានផ្ញើមករដ្ឋសភា ដោយមិនត្រូវបានពិចារណានិងស្រូបយកនោះឡើយ។ មតិទាំងអស់ យើងសុទ្ធតែគោរព ហើយត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់”។

រីឯខ្លួនវិញ លោក Ted Osius ប្រធាននិងជាអគ្គនាយក USABC បានវាយតំលៃខ្ពស់ចំពោះរដ្ឋសភាវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ លោក Ted Osius បាននិយាយថា វត្តមានរបស់សហគ្រាសអាមេរិកក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ បង្ហាញពីទំនុកចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាល និងយថាទស្សន៍នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ