វៀតណាមមានសក្តានុពលក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកថ្មី
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីនាពេលថ្មីៗនេះ បានវាយតម្លៃថា វៀតណាមកំពុងទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹងសក្ដានុពលក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មថ្មីរបស់ពិភពលោក។
ជាក់ស្ដែង ការនាំចេញរបស់វៀតណាមទទួលបានកម្រិតឯតទគ្គកម្ម ហើយផលិតផល "Made in Vietnam" កាន់តែមានវត្តមានជាមួយបរិមាណ និងផ្នែកទីផ្សារច្រើននៅលើឆាកអន្តរជាតិ។ ជាពិសេសនាដើមឆ្នាំ ២០២២ ការដែលបណ្ដាគម្រោង FDI វិនិយោគថ្មីបានបង្កើនទុនរាប់រយលានដុល្លារអាមរិកបានសរឲ្យឃើញពីទំនុកទុកចិត្តរបស់វិនិយោគិនទៅលើយថាទស្សន៍ស្ដារសេដ្ឋកិច្ចរបស់វៀតណាម។
យោងតាម Sputnik បានឲ្យដឹងថា ក្រៅពីសម្ព័ន្ធក្រុមហ៊ុន"យក្ស" Samsung, Nokia ឬ Intel នោះ នាពេលថ្មីៗនេះ គម្រោងផលិតកម្មជាច្រើនរបស់សម្ព័ន្ធក្រុមហ៊ុនធំៗ ឬទទួលបានការផ្ទេរសិទ្ធិដូចជា Foxconn, Pegatron (ជំនាញផលិត និងដំឡើងគ្រឿងបន្លាស់សម្រាប់ Apple), Wistron, LEGO ក៏បានជំរុញការវិនិយោគនៅវៀតណាមផងដែរ។ មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា ការដែលវៀតណាមទទួលបានការបញ្ជាទិញកាន់តែកើនឡើង គឺភាគច្រើនពឹងផ្អែកលើប្រភពកម្លាំងកម្មករដ៏សម្បូរ ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ប្រកបដោយស្ថិរភាព ធានាគុណភាពផលិតផល តាមតម្រូវការរបស់ដៃគូ។
វិនិយោគិនបរទេសជាច្រើនវាយតម្លៃថា វៀតណាមកំពុងបង្កើតបរិយាកាសគួរឲ្យទាក់ទាញដូចជាប្រភពកម្លាំងពលករសម្បូរបែប ស្ថានការណ៍នយោបាយសង្គមស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ការធ្វើចរាចរទំនិញ និងរាល់ការអនុគ្រោះវិនិយោគ។ សហគ្រាស FDI ភាគច្រើនបន្តចាត់ទុកវៀតណាមជាគោលដៅវិនិយោគគួរឲ្យទាក់ទាញ ដោយមានគុណសម្បត្តិនយោបាយស្ថិរភាព បែបបទរដ្ឋបាលជ្រះស្រឡះ កាត់បន្ថយការត្រួតពិនិត្យ និងការចំណាយក្រៅផ្លូវការ។ លើសពីនេះទៅទៀត ជោគជ័យជាជំហានដំបូងក្នុងការគ្រប់គ្រងជំងឺរាតត្បាត នយោបាយមានស្ថិរភាព បរិយាកាសធ្វើអាជីវកម្មត្រូវបានកែលម្អដោយឥតឈប់ឈរ ព្រមទាំងលក្ខខ័ណ្ឌជំរុញពាណិជ្ជកម្ម និងវិនិយោគបាននាំវៀតណាមក្លាយទៅជាចំណុចដ៏ភ្លឺស្វាងដើម្បីទាក់ទាញទុន FDI ផងដែរ៕