វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - នារសៀលថ្ងៃទី ២០ កក្កដា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកជំទាវ ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកក្កដា។

វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ (រូបថត៖ Trong Phu/VOV)

នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ; ពិចារណាកសាងយន្តការសម្រាប់ នាយករដ្ឋមន្ត្រីទាំងពីរជួបប្រជុំគ្នាជាប្រចាំឬតាមកាលកំណត់ក្នុងទម្រង់ប្រកបដោយភាពបត់
បែននៅវេទិកាពហុភាគី; ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ តាមទិសដៅតុល្យភាព; កាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម; ជួយសម្រួលដល់ការនាំចូល និងនាំចេញផលិតផលដែលមានសក្តានុពល និងប្រៀបខ្លាំងនៃភាគីទាំងពីរ ដូចជាកសិផល ជលផល អាហារ គ្រឿងបន្លាស់អេឡិចត្រូនិក សម្ភារសំណង់; ឆ្លៀតយកឱកាសឲ្យបានល្អពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចែករំលែក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេច ផ្តល់ប្រភពអង្ករដោយស្ថិរភាព និងយូរអង្វែងសម្រាប់ម៉ាឡេស៊ី ហើយស្នើឲ្យម៉ាឡេស៊ីជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ហើយឆាប់ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យនេះ។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រ; ពិចារណាលើការបង្កើតយន្តការពិគ្រោះយោបល់លើបញ្ហានៅសមុទ្រ និងការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទដោយខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យម៉ាឡេស៊ីគាំទ្រវៀតណាមក្នុងការដកកាតលឿងរបស់ EC (គណៈកម្មាធិការអឺរ៉ុប) ទៅលើផ្នែកជលផលរបស់វៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត; តាមនោះពិចារណាលើការចុះហត្ថលេខាជាថ្មីលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ និងទេសចរណ៍; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ពលកម្ម កសិកម្ម វប្បធម៌ និងកីឡា; បង្កើនការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលជាមួយបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដទៃទៀត ដើម្បីធានាសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន; រួមគ្នាស្នើឡើងគំនិតផ្តួចផ្តើមដ៏សមស្របដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនូវអាទិភាពនានារបស់អាស៊ានក្នុងឆ្នាំ២០២៣។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់នូវការគាំទ្រចំពោះម៉ាឡេស៊ីដើម្បីទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ ដោយជោគជ័យ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត; បន្តសម្របសម្រួលក្នុងការចរចាលើក្រមប្រតិបត្តិ (COC) នៅដំណាក់កាលបន្ទាប់; ចូលរួមចំណែកយ៉ាងសកម្មដើម្បីធានាការកសាង COC យ៉ាងជាក់ស្ដែង មានសុពលភាព និងស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ