វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី
(VOVWORLD) - នារសៀលថ្ងៃទី ២១ មីនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob ដែលលោកមកសម្តែងការគួរសមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob (រូបថត៖ VOV) |
ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងនូវគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមដោយតែងតែយកចិត្តទុកដាក់និងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី រួមទាំងស្នើភាគីទាំងពីរជំរុញលទ្ធផលដែលសម្រេចបាន និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ក្នុងនោះមានការពង្រឹងទំនាក់ទំនងរវាងបក្សនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វេទិកាតំបន់និងអន្តរជាតិ។ ទាក់ទិននឹងសមុទ្រខាងកើត អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យប្រទេសទាំងពីរសហការយ៉ាងសកម្ម ពង្រឹងសន្តិភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍សមស្របរបស់ភាគី តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob ដែលមកសម្តែងការគួរសមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនិងមានបំណងថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការផ្លាស់ប្តូរប្រជាជននិងប្រជាជន រួមទាំងមានបំណងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងសមុទ្រជាមួយវៀតណាម ដើម្បីទាញយកសក្តានុពលនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានយល់ព្រមពង្រឹងទំនាក់ទំនងបក្ស តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងអង្គការបក្ស ដើម្បីសិក្សា និងពិគ្រោះបទពិសោធន៍ពីគ្នាទៅវិញទៅមក៕