វៀតណាមរកឃើញអ្នកឆ្លងមេរោគ Covid-19 ថ្មីចំនួន១១នាក់ទៀត
(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែមីនា ក្រសួងសុខាភិបាលបានប្រកាស រកឃើញករណីឆ្លងវីរុស Covid-19 ចំនួន ១១ ករណីបន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងជំងឺរាត ត្បាតនេះ នៅប្រទេសវៀតណាមឡើងទៅដល់ ១៣៤ នាក់ហើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានអ្នកជំងឺ ៤ នាក់នៅទីក្រុងហូជីមិញ ដែលទាក់ទងនឹងហាងបារ Buddha កន្លែងដែលអ្នកជំងឺទី ៩១, ៩៧, ៩៨ ធ្លាប់មកលេងមុននេះ។
ទីតាំងដាក់ឲ្យនៅដាច់ដោយឡែកមួយកន្លែង នៅទីក្រុងហូជីមិញ (រូបថត៖ Duyên Phan/Tuổi trẻ) |
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤ នាក់នោះមាន ១ នាក់ជាជនជាតិប្រេស៊ីល; ២ នាក់ជាជនជាតិអាហ្វ្រិកខាងត្បូងនិងម្នាក់ទៀតជាជនជាតិវៀតណាម (ជាអ្នករត់តុនៅបារ)។
នៅទីក្រុង Hai Phong និងទីក្រុងហាណូយ បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ នាក់ ដែលជានិស្សិតសិក្សានៅអង់គ្លេស។ អ្នកជំងឺទាំងពីរនាក់នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅថ្ងៃទី ២០ ខែមីនា តាមជើងហោះហើរ VN54។
ករណីឆ្លងបន្ទាប់ គឺអ្នកជំងឺ ៣ នាក់មានលេខរៀងទី ១៣០, ១៣១ និង ១៣២ ដែលជាភ្ញៀវទេសចរមកពីអេស្ប៉ាញ បានធ្វើដំណើរឆ្លងកាត់ប្រទេសរុស្ស៊ីនិងបានចូលមកអាកាសយានដ្ឋាន Noi Bai នៅថ្ងៃទី ២២ ខែមីនា តាមជើងហោះហើរ SU290។ បច្ចុប្បន្ន អ្នកទាំង ៣ កំពុងនៅដាច់ដោយឡែក នៅមន្ទីរពេទ្យជំងឺត្រូពិកមជ្ឈិម មូលដ្ឋាន Dong Anh ហើយសុខភាពមានស្ថេរភាព។
អ្នកជំងឺលេខរៀងទី ១៣៣ (ភេទស្រី អាយុ ៦៦ ឆ្នាំ) នៅខេត្ត Lai Chau ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Bach Mai ក្នុងខែមីនា មានអាការៈជំងឺគ្រុនក្តៅ។
អ្នកជំងឺលេខរៀងទី ១៣៤ (ភេទប្រុស អាយុ ១០ ឆ្នាំ) នៅទីក្រុងហាណូយ ជាភ្ញៀវទេសចរមកពីបរទេសចូលមកអាកាសយានដ្ឋាន Noi Bai នៅថ្ងៃទី ១៨ ខែមីនា តាមជើងហោះហើរ SU290។
បច្ចុប្បន្ននេះ អ្នកជំងឺទាំងអស់ មានសុខភាពស្ថេរភាព ហើយកំពុងត្រូវបានព្យាបាលដោយដាក់ឲ្យនៅដាច់ដោយឡែក។
រហូតមកដល់ពេលនេះ ក្នុងចំណោមអ្នកឆ្លង Covid-19 នៅវៀតណាមទាំង ១៣៤ នាក់ មានចំនួន ១៧ នាក់បានជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យ។
នៅក្នុងបរិបទដែលជំងឺ Covid-19 មានការរីករាលដាលយ៉ាងស្មុគស្មាញនាបច្ចុប្បន្ននេះ តំបន់នានានៅទូទាំងប្រទេសវៀតណាម តែងតែខិតខំរកវិធានការ ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏កាច់សាហាវនេះ។ នៅក្នុងកិច្ចប្រជុំអនឡាញនៃគណៈកម្មាធិការទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នៃទីក្រុងហូជីមិញ នារសៀលថ្ងៃទី ២៤ ខែមីនា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអំពាវនាវឲ្យមានការស្រុះចិត្តគំនិតគ្នា រួមទាំងការចូលរួមរបស់ស្ថាប័ន អង្គភាពនានា ក៏ដូចជាប្រជាជននៅក្នុងការប្រយុទ្ធប្រឆាំងនេះ។ លោក Nguyen Thien Nhan អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ទីក្រុងត្រូវតែរស់នៅដោយសន្សំសំចៃជាង និងធ្វើដំណើរតិចជាង ដើម្បីរួមចំណែកជាមួយប្រទេសទាំងមូល ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ពោលគឺ មិនឲ្យការឆ្លងលើសពី ៥០០ នាក់ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ មនុស្សម្នាក់ៗ ត្រូវតែចូលរួមទាំងកម្លាំងកាយនិងកម្លាំងចិត្ត ទាំងបទពិសោធន៍ដែលបានរៀនពីបរទេស ធ្វើបានដូច្នេះ ទោះបីជាលំបាកយ៉ាងណាក៏ដោយ យើងនឹងមិនស្ថិតក្នុងសភាពការណ៍ត្រូវជាប់គាំងជាដាច់ខាត”។
បច្ចុប្បន្ននេះនៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេសក៏កំពុងអនុវត្តវិធានការដើម្បីគ្រប់គ្រងជនបរទេសនិងជនជាតិវៀតណាមដែលវិលត្រឡប់មកពីតំបន់ដែលកំពុងផ្ទុះជំងឺរាតត្បាតផងដែរ៕