វៀតណាមរួមចំណែកមតិសំខាន់ៗជាច្រើនក្នុងកិច្ចប្រជុំគណៈកម្មាធិការ AIPA
Pham Ha, Vo Giang – VOV/ឥណ្ឌូនេស៊ី -  
(VOVWORLD) - នាថ្ងៃទី ៨ សីហា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៤ (AIPA-៤៤) បានប្រព្រឹត្តទៅសម័យប្រជុំនៃ៖ គណៈកម្មាធិការកិច្ចការនយោបាយ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងគណៈកម្មាធិការកិច្ចការសង្គមនៃ AIPA។
កិច្ចប្រជុំគណៈកម្មាធិការកិច្ចការនយោបាយ AIPA ។ រូបថត៖ VOV |
នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិនិត្យ និងបំពេញសេចក្តីព្រាងឯកសារនៅកិច្ចប្រជុំទាំងនេះ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនយោបាយ គណៈប្រតិភូវៀតណាមបានអះអាងឡើងវិញនូវទស្សនៈ និងគោលជំហររួមរបស់វៀតណាម និងអាស៊ាន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលបានទទួលស្គាល់យ៉ាងទូលំទូលាយ; អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រក្សានិងលើកកំពស់បរិយាកាសអំណោយផលសម្រាប់សមិទ្ធិផលដំបូងនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការសង្គម គណៈប្រតិភូវៀតណាមបានអះអាងថា កំណើនបៃតងគឺជាខ្លឹមសារសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព ដំណើរការអភិវឌ្ឍន៍មានការសម្របសម្រូលយ៉ាងស្អិតរមួត សមហេតុសមផល និងមានការចុះសម្រុងគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយការការពារបរិស្ថាន បំពេញតម្រូវការរបស់មនុស្សជំនាន់បច្ចុប្បន្ន ប៉ុន្តែដោយមិនប៉ះពាល់ដល់ជំនាន់ក្រោយៗទៀត។ ដូច្នេះ វៀតណាមគាំទ្រការកៀងគរសកម្មភាពសភាដើម្បីលើកកម្ពស់ការងារ និងជំនាញបៃតង ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង។
នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច គណៈកម្មាធិការសេដ្ឋកិច្ច និងតំណាងរដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនពីរ ដែលវៀតណាមបានស្នើឡើង រួមមានៈ ការពន្លឿនការបង្កើតថ្មី ការផ្ទេរ ការអនុវត្តន៍ និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព; លើកទឹកចិត្តឱ្យមានការអនុម័តគោលការណ៍ណែនាំអាស៊ានស្តីពីការជំរុញការវិនិយោគប្រកប ដោយការទទួលខុសត្រូវក្នុងវិស័យម្ហូបអាហារ កសិកម្ម និងព្រៃឈើ។
សេចក្តីព្រាងសេចក្តីសម្រេចចិត្តដោយវៀតណាមស្នើឡើងត្រូវទទួលបានការវាយតម្លៃថា ទាន់ពេលវេលា និងត្រឹមត្រូវ៕
Pham Ha, Vo Giang – VOV/ឥណ្ឌូនេស៊ី