វៀតណាមស្នើអោយសងការខូចខាតអោយបានសក្តិសមសម្រាប់អ្នកនេសាទ
(VOVWORLD) - យោងតាមព័ត៌មានពីស្ថាប័នសមត្ថកិច្ចវៀតណាមអោយដឹងថា នាវេលា ម៉ោង៩ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នាវានេសាទ វៀតណាមមានលេខសម្គាល់ QNg 90819 TS ដឹកអ្នកនេសាទ៥នាក់កំពុង ចត់នៅកោះ Da Loi ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម គឺនាវាប៉ូលីសសមុទ្រចិនមានលេខសម្គាល់ 44101 បានរត់មកប្រើប្រាស់កាណុងបាញ់ទឹកបណ្ដេញនាវាវៀតណាម។
រូបភាពនាវានេសាទវៀតណាមត្រូវលិចទឹកត្រូវបានអ្នកនេសាទប្រើទូរស័ព្ទចល័តថត (រូបថត៖ VTC) |
ក្នុងពេលធ្វើដំណើរ នាវេលាម៉ោង១០ព្រឹកថ្ងៃដដែល នាវាវៀតណាម QNg 90819 TS បានបុកនឹងជួរថ្ម ក្រោមទឹក ហើយលិចទឹកនៅទីតាំងដែលមានចម្ងាយប្រមាណកន្លះម៉ាយល៍ពី ភាគពាយព្យ កោះ Da Loi ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម។ អ្នក នេសាទវៀតណាមត្រូវរសាត់ លើសមុទ្រ ហើយត្រូវបាននាវានេសាទវៀតណាម មានលេខសម្គាល់ QNg 90620 TS សង្គ្រោះនាវេលាម៉ោង១ រសៀលថ្ងៃដដែល។
នាថ្ងៃទី២០ ខែមីនាឆ្នាំ២០១៩ នាយកដ្ឋានកុងស៊ុល ក្រសួងការបរទេស វៀតណាមបានជួបធ្វើការជាមួយតំណាងស្ថានទូតចិនប្រចាំវៀតណាម ប្រគល់ជូន កំណត់ទូត ហើយប្រឆាំងជំទាស់នឹងការដែលនាវាចិនបានរំលោភបំពានទៅលើ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa គំរាមកំហែងដល់ អាយុជីវិត បង្កការខូចខាតខាងទ្រព្យសម្បត្តិនិងផលប្រយោជន៍ស្របច្បាប់ របស់អ្នកនេសាទវៀតណាមផងដែរ។
នាយកដ្ឋានកុងស៊ុលវៀតណាមបានស្នើអោយស្ថានទូតចិនជម្រាបជូនក្រសួងការបរទេសនិងស្ថាប័នសមត្ថកិច្ចនានារបស់ចិនអំពីរឿងហេតុពោលខាងលើ ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់បុគ្គលិកនិងនាវាប៉ូលីសសមុទ្រចិនពោលខាងលើ មិនទុកអោយកើតមានឡើងជាថ្មីម្ដងទៀតនូវសកម្មភាពប្រហាក់ប្រហែលគ្នា ព្រម ទាំងសងការខូចខាតអោយបានសក្តិសមសម្រាប់អ្នកនេសាទវៀតណាម ផង ដែរ៕