វៀតណាមស្នើឱ្យអាស៊ាន-ចិនបន្តពង្រឹងទំនុកទុកចិត្តយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) - លទ្ធផលដ៏ធំបំផុតនៃកិច្ចប្រជុំនេះគឺ៖ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានប្រកាសបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន -ចិន ព្រមទាំងឯកភាពគ្នាលើការតម្រង់ទិសដៅជំរុញទំនាក់ទំនងនេះឲ្យសក្តិសមនឹងឋានៈយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ nhandan.vn) |
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ក្រោយពីកិច្ចប្រជុំកំពូលពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាមបានឲ្យដឹងថា៖ លទ្ធផលដ៏ធំបំផុតនៃកិច្ចប្រជុំនេះគឺ៖ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានប្រកាសបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន -ចិន ព្រមទាំងឯកភាពគ្នាលើការតម្រង់ទិសដៅជំរុញទំនាក់ទំនងនេះឲ្យសក្តិសមនឹងឋានៈយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំនេះ បណ្ដាថ្នាក់ដឹកនាំបានឯកភាពគ្នាកសាងសមុទ្រខាងកើតឲ្យក្លាយទៅជាដែនសមុទ្រមានសន្តិភាព សុវត្ថិភាព ស្ថិរភាព និងសហប្រតិបត្តិការ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកទុកចិត្ត ការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដោះស្រាយវិបត្តិដោយសន្តិវិធី។ ទន្ទឹមនឹងនេះ ភាគីនានាបានសន្យា អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ និង UNCLOS ១៩៨២។ បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងចិនបានអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍ លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា៖ “ទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព”។
នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងជំនឿទុកចិត្តយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយសម្រាប់ទំនាក់ទំនងអាស៊ាន -ចិន ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមថ្មីៗ ដែលមានលក្ខណៈសកល ដោយរួមចំណែកអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន គ្រប់ជ្រុងជ្រោយ វិបុលភាព សុវត្តិភាព និងចីរភាពសម្រាប់ភាគីនីមួយៗផងដែរ៕