វៀតណាមស្នើឲ្យកូរ៉េខាងត្បូងយល់ដឹងយ៉ាងត្រឹមត្រូវអំពីបញ្ហាប្រវត្តិសាស្ត្រ
(VOVWORLD) - វៀតណាមមានគោលការណ៍ស្លេះទុក អតីតកាលនៅមួយអន្លើ ឆ្ពោះទៅរកអនាគត ប៉ុន្តែមិនមានន័យថាបដិសេធការពិតប្រវត្តិសាស្ត្រឡើយ។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang (រូបថត៖ ក្រសួងការបរទេសវៀតណាម ) |
នារសៀលថ្ងៃទី ៩ មីនា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំអ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាមទទួលបានព័ត៌មានថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការក្រុងសេអ៊ូលដោយតម្រូវឲ្យរដ្ឋាភិបាលនៃប្រទេសនេះសងសំណងដល់ជនរងគ្រោះវៀតណាមនៅក្នុងការសម្លាប់រង្គាលនៅខេត្ត Quang Nam ឆ្នាំ ១៩៦៨។ ទាក់ទងនឹងព័ត៌មាននេះ លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “យើងខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះការដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តឹងឧទ្ធរណ៍ចំបោះសាលក្រមរបស់តុលាកា។ ប្រការនេះមិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវពីការពិតសត្យានុម័តចំពោះបញ្ហានេះ។ វៀតណាមមានគោលការណ៍ស្លេះទុក អតីតកាលនៅមួយអន្លើ ឆ្ពោះទៅរកអនាគត ប៉ុន្តែមិនមានន័យថាបដិសេធការពិតប្រវត្តិសាស្ត្រឡើយ។ ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាមស្នើឱ្យភាគីកូរ៉េខាងត្បូងយល់ដឹងយ៉ាងត្រឹមត្រូវ និងគោរពការពិតប្រវត្តិសាស្ត្រ លើកទឹកចិត្តដល់សកម្មភាពជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព សំដៅជំនះពុះពារលើផលវិបាកដោយសង្គ្រាម រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ”។
ការសម្រេចប្ដឹងឧទ្ធរណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងគឺជាប្រតិកម្មផ្លូវការដើមដំបូងរបស់មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូង ក្រោយពីតុលាកាកណ្តាលខ័ណ្ឌសេអ៊ូលកាលពីខែមុនបានចេញសាលក្រមដោយអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសនេះសងសំណងជូនលោកស្រី Nguyen Thi Thanh ដែលបានបាត់បង់គ្រួសារក្នុងការសម្លាប់រង្គាលនៅភូមិ Phong Nhat - Phong Nhi ឃុំ Dien An ខេត្ត Quang Nam ក្នុងឆ្នាំ ១៩៦៨ ផងដែរ៕