វៀតណាមស្វាគមន៍ការវាយតម្លៃវិជ្ជមានរបស់សហរដ្ឋអាមេរិកលើការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់
(VOVWORLD) - នាថ្ងៃទី ៥ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen (រូបថត៖ An Dang - TTXVN) |
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការដែលធនាគាររដ្ឋវៀតណាម និងក្រសួងរតនាគារអាមេរិកតែងតែរក្សាជាប្រចាំនូវសកម្មភាពផ្លាស់ប្តូរព័ត៌មាន និងគោលនយោបាយនៅគ្រប់កម្រិត ហើយបានរៀបចំសម័យសន្ទនាគោលនយោបាយលើកដំបូង។ រដ្ឋាភិបាលវៀតណាមស្វាគមន៍ការវាយតម្លៃវិជ្ជមាន របស់ក្រសួងរតនាគារអាមេរិកនាពេលថ្មីៗនេះស្តីពីការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់របស់វៀតណាម; សង្ឃឹមថា ក្រសួងរតនាគារសហរដ្ឋអាមេរិកនឹងបន្តធ្វើការវាយតម្លៃបរានុម័តបន្ថែមទៀត ដោយពិចារណាលើកត្តាជាក់ស្តែងនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបរិបទនៃប្រទេសនីមួយៗ។
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ វៀតណាម តាមរយៈគំនិតផ្តួចផ្តើមទ្វេភាគី និងពហុភាគី រួមទាំងកម្មវិធីភាពជាដៃគូផ្លាស់ប្តូរថាមពលសាធារណៈ (JETP) ផងដែរ។ លោកឧបនា យករដ្ឋមន្ត្រីបានស្នើឱ្យលោកស្រីរដ្ឋមន្ត្រី និងក្រសួងរតនាគារអាមេរិកមានសំឡេងគាំទ្រ និងបង្កើតការឯកភាពគ្នានៅក្នុងរដ្ឋបាល និងសភាអាមេរិក ដើម្បីទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឲ្យបានឆាប់ៗ។
ចំណែកខ្លួនវិញ ដោយសង្កត់ធ្ងន់ថា “ការងារជាអាទិភាពគឺធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ” រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរជាមួយវៀតណាមលើគ្រប់វិស័យ ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ៕