វៀតណាម-ហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និ បាត អន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៤ (AIPA-៤៤) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ៦ សីហាប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបហ្វីលីពីនលោក Ferdinand Martin Romualdez។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបជាមួយប្រធានសភាជាន់ទាបហ្វីលីពីន Ferdinand Martin Romualdez (រូបថត៖ VOV) |
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការអភិវឌ្ឍជាក់ស្តែង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ (ឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ជិត ៨ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក)។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យវៀតណាម និងហ្វីលីពីន សហការគ្នាបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្រួលដល់ការនាំចូលទំនិញសំខាន់ៗរបស់វៀតណាម រួមមានអង្ករ សម្ភារសំណង់ និងទំនិញសំខាន់ៗផ្សេងទៀត ហើយផលិតផលដែលហ្វីលីពីនមានសក្តានុពល វៀតណាមមានតម្រូវការ។ ភាគីទាំងពីរក៏បានឯកភាពសហការលើវិស័យសំខាន់ៗចំនួនពីរគឺការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពល។ ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ បើកទូលាយលើវិស័យសហប្រតិបត្តិការថ្មី ទាំងទ្វេភាគី និងពហុភាគី; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងស្ថាប័នជំនាញនៃរដ្ឋសភា រួមទាំងផ្លាស់ប្តូរបទពិសោធន៍សភាផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាសង្កត់ធ្ងន់លើការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី; គាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅ AIPA ពង្រឹងបន្ថែមទៀតនូវឯកភាព ភាពរឹងមាំ និងតួនាទីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រក្សាសំឡេងរួមក្នុងបញ្ហាសន្តិសុខក្នុងតំបន់ ក្នុងនោះបញ្ហាសមុទ្រខាងកើត៕