វៀតណាម-ហូឡង់ឯកភាពលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ

(VOVWORLD) - តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រហូឡង់លោក Mark Rutte ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាំម។ នារសៀលថ្ងៃទី៩ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte។
វៀតណាម-ហូឡង់ឯកភាពលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីព្រះរាជាណាចក្រហូឡង់លោក Mark Rutte នៅសន្និសីទកាសែតរួមបន្ទាប់ពីជំនួបចរចា (រូបថត៖chinhphu.vn)

នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចាទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីររូបបានជម្រាបថា វៀតណាមនិងហូឡង់បានឯកភាពលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖

“ជាមួយគោលបំណងចង់អភិវឌ្ឍទំនាក់ទំនងទ្វេភាគីអោយកាន់តែទូលំទូលាយថែមទៀត វៀតណាមនិងហូឡង់បានឯកភាពកសាងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ យើងខ្ញុំជឿជាក់ថា ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរនេះនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាលើវិស័យប្រពៃណីនានា ហើយបើកទូលាយទៅវិស័យមានសក្ដានុភាពផ្សេងៗទៀត។ យើងខ្ញុំបានឯកភាពថា កិច្ចសហប្រតិបតិ្តការក្នុងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រលើវិស័យបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក ក៏ដូចជាក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រអំពីកសិកម្មនិងសន្តិសុខស្បៀងអាហារ គឺមានតួនាទីសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំនិងលោកនាយករដ្ឋមន្រ្តីហូឡង់បានឯកភាពថា រាល់វិស័យទាំងនេះនឹងបន្តជាសសរទ្រុងនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងហូឡង់”។

វៀតណាម-ហូឡង់ឯកភាពលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ - ảnh 2នាយករដ្ឋមន្រ្តីទាំងពីររូបចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ (រូបថត៖ chinhphu.vn) 

ចំណែកឯនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte វិញ បានអះអាងថា ការលើកកម្រិតទំនាក់ទំនងទ្វេភាគីឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះ នឹងបើកជំពូកថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ “ហូឡង់និងវៀតណាមមានលក្ខណៈស្រដៀងគ្នាជាច្រើន។ ប្រទេសទាំងពីរសុទ្ធតែស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៃទ្វីបទាំងពីរ ហើយក៏មានតំបន់វាលទំនាបដូចគ្នាដែរ។ ប្រទេសយើងទាំងពីរមានខឿនកសិកម្មដ៏រឹងមាំដោយដើរតួនាទីស្នូលក្នុងការនាំចេញ។ នោះគឺជាមូលដ្ឋានគ្រឹះរួមក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងភាគីទាំងពីរ។ នោះក៏ជាមូលហេតុដែលយើងបានបង្កើតកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងទឹក ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអំពីកសិកម្មដោយចីរភាពនិងសន្តិសុខស្បៀងអាហារ ផងដែរ”។

        នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte បានសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងបន្តពង្រីកឧត្តមភាពនិងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរ ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការដើម្បីអភិវឌ្ឍតំបន់វាលសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ