វៀតណាមអំពាវនាវឱ្យធានាសុវត្ថិភាពដល់ជនស៊ីវិល ជនបរទេសនិងអង្គភាពការទូតនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី ១៦ ខែសីហា ទាក់ទងនឹងស្ថានភាពនាពេលថ្មីៗនេះនៅអាហ្វហ្គានីស្ថាន។
វៀតណាមអំពាវនាវឱ្យធានាសុវត្ថិភាពដល់ជនស៊ីវិល ជនបរទេសនិងអង្គភាពការទូតនៅអាហ្វហ្គានីស្ថាន - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

បណ្តាប្រទេសជាសមាជិក ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សា ដំណើរការកិច្ចសន្ទនា ស្តារសណ្តាប់ធ្នាប់សន្តិសុខនិងគោរពពេញលេញ នៃច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរ ជាតិ។ ថ្លែងនៅក្នុងសម័យប្រជុំ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសកើតមានឡើងចំពោះស្ត្រីនិងកុមារី៖

“យើងត្រូវមានសំឡេងតែមួយ ដើម្បីការពារសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន។ ខ្ញុំសូមអំពាវនាវឱ្យតាលីបង់និងគ្រប់ភាគីទាំងអស់ គោរពនិងធានាច្បាប់មនុស្សធម៌អន្តរជាតិក៏ដូចជាសិទ្ធិនិងសេរីភាពរបស់អ្នករាល់គ្នា។ យើងខ្ញុំកំពុងទទួលរបាយការណ៍អំពីការរឹតត្បិតធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។ ខ្ញុំមានការព្រួយបារម្ភជាពិសេសចំពោះរបាយការណ៍នៃការរំលោភសិទ្ធិមនុស្សលើស្ត្រីនិងកុមារីអាហ្វហ្គានីស្ថាន ដែលអ្នកទាំងនេះកំពុងភ័យខ្លាចថា ថ្ងៃដ៏ខ្មៅងងឹតបំផុតនឹងវិលត្រឡប់មករកពួកគេ”។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា អាទិភាពកំពូលនាពេលបច្ចុប្បន្នគឺបញ្ចប់អំពើហិង្សា ការ ពារ ជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ ព្រមទាំងធានាសន្តិសុខនិងសុវត្ថិភាពដល់បុគ្គលិកអង្គការសហប្រជាជាតិ បេសកកម្មតំណាងនិងការទូត  បុគ្គលិកអង្គការអន្តរជាតិនិងជនបរទេស។ មានតែដំណោះស្រាយនយោបាយពេញលេញមួយដែលអាចនាំមកនូវសន្តិភាពនិងស្ថិរភាព នៅអាហ្វហ្កានីស្ថាន។ លោកក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន គោរពតាមច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិ ដោយដំណើរការកិច្ចសន្ទនាដើម្បីធ្វើឱ្យស្ថានភាពមានស្ថិរភាពនិងលើកកម្ពស់ការផ្សះផ្សាជាតិនិងសុខដុមនីយកម្មជនជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ