វៀតណាមអំពាវនាវឱ្យបង្កើនការងារការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មស៊ីវិលសំខាន់ៗនៅក្នុងជម្លោះប្រដាប់អាវុធ
(Pham Huan- VOV សហរដ្ឋអាមេរិក) -  
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ២០២៣ (ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែឧសភា) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) នាថ្ងៃទី ២៦ ឧសភា បានប្រព្រឹត្តទៅសម័យប្រជុំពិភាក្សាបើកទូលាយ នៃក្រុមប្រឹក្សាសន្តិសុខដែលមានប្រធានបទ “ធានាសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលក្នុងជម្លោះ៖ ដោះស្រាយការខ្វះខាតស្បៀងអាហារ និងការពាររាល់សេវាកម្មចាំបាច់”។ច
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សា (រូបថត៖ baoquocte.vn) |
ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាបើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វិធីល្អបំផុតដើម្បីការពារជនស៊ីវិលគឺរាំងស្កាត់សង្គ្រាម និងជម្លោះ; ដោយបញ្ជាក់ថា សង្គ្រាម និងជម្លោះអាចជៀសបាន ប្រសិនបើប្រទេសទាំងអស់គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរព និងការយោគយល់គ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ គោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខលេខ ២៥៧៣ ដោយមិនត្រូវប្រើប្រាស់ស្បៀងអាហារ ទឹក និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធជាឧបករណ៍ដើម្បីទាញយកផលប្រយោជន៍ ឬយុទ្ធសាស្ត្រណាក្រោមគ្រប់ទម្រង់។
ក៏នាថ្ងៃម្សិលមិញដែរ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានចូលរួម និងថ្លែងក្នុងតួនាទីជាសហប្រធាននៃសិក្ខាសាលា "ការពារបរិស្ថានគឺការពារជនស៊ីវិល៖ ផលវិបាកមនុស្សធម៌នៃការអន្តរាយដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធលើបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល”។
នៅខែមេសា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចលេខ ២៥៧៣ ស្តីពីការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ជនស៊ីវិល ក្នុងជម្លោះប្រដាប់អាវុធដោយវៀត ណាមចងក្រងនិងធ្វើជាអធិបតីនៃសេចក្តីព្រាង ក្នុងឋានៈជាប្រធានក្រុមប្រឹក្សា។ សេចក្តីសម្រេចចិត្តនេះត្រូវបានសហការឧបត្ថម្ភដោយប្រទេសសមាជិកចំនួន ៦៤ នៃអង្គការសហប្រជាជាតិ រួមទាំងសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ ដោយហេតុនេះ បញ្ជាក់ពីការឯកភាពខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិចំពោះបញ្ហានេះ ដើម្បីការពារជនស៊ីវិល និងលើកកម្ពស់ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ។
នេះគឺជាឆ្នាំទីពីរជាប់ៗគ្នា ដែលបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ញូវយ៉ក) បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាស្តីពីកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ចាប់តាំង ពីសេចក្តីសម្រេចចិត្តលេខ ២៥៧៣ ត្រូវបានអនុម័ត៕
(Pham Huan- VOV សហរដ្ឋអាមេរិក)