វៀតណាមអំពាវនាវឱ្យភាគីនៅលីបង់អនុវត្តន៍ការអត់ធ្មត់និងកុំធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ
(VOVWORLD) - នៅថ្ងៃទី ១០ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពនៅលីបង់និងការអនុវត្តបេសកកម្មរបស់កងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ (UNIFIL)។
ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy |
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានលើកឡើងពីការព្រួយបារម្ភអំពីភាពតានតឹងនាពេលថ្មីៗនេះនៅលើខ្សែបន្ទាត់បៃតង (ដែលជាតំបន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់) និងការដែលភាគីនានាបន្តរំលោភបំពានលើសេចក្តីសម្រេចលេខ ១៧០១ ដោយព្រួយបារម្ភថា ជម្លោះអាចកើតឡើងគ្រប់ពេលប្រសិនបើមិនមានវិធានការប្រកបដោយប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា វិបត្តិសេដ្ឋកិច្ចសង្គមនៅប្រទេសលីបង់ធ្វើឱ្យសមត្ថភាពឆ្លើយតបរបស់កងកម្លាំងប្រដាប់អាវុធលីបង់ចុះខ្សោយនិងបង្កហានិភ័យនៃអស្ថិរភាព ហេតុនេះហើយ ការបង្កើតរដ្ឋាភិបាលនិងដោះស្រាយវិបត្តិគួរតែជាអាទិភាពរបស់ប្រទេសលីបង់ក្នុងពេលបច្ចុប្បន្ននេះ។
វៀតណាមស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីជួយលីបង់ក្នុងការដោះស្រាយវិបត្តិនិងរក្សាសន្តិសុខក្នុងតំបន់។ ប្រធានបេសកកម្មវៀតណាមក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ត្រូវប្រកាន់យកនូវការអត់ធ្មត់បំផុតនិងមិនចាត់វិធានការដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញឡើង ដោយគោរពតាមសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ គោរពសិទ្ធិសេរីភាពក្នុងការធ្វើដំណើររបស់ UNIFIL និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការបំពេញបេសកកម្មឱ្យបានពេញលេញនិងទាន់ពេលវេលា។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមគាំទ្រដល់ការពង្រីកសកម្មភាពរបស់ UNIFIL នាពេលខាងមុខ និងអំពាវនាវឱ្យមានវិធានការដើម្បីធានាសុវត្ថិភាពរបស់កងរក្សាសន្តិភាព៕