វៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយមនុស្សធម៌សម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន
(VOVWORLD) - នៅថ្ងៃទី ២៤ ខែសីហា តាមសំណើរបស់ប៉ាគីស្ថាន អ្នកសម្របសម្រួលនៃអង្គការសហប្រតិបត្តិការអ៊ីស្លាមទទួលបន្ទុកសិទ្ធិមនុស្សនិងមនុស្សធម៌ របស់អាហ្វហ្កានីស្ថាន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិសេសលើកទី ៣១ ដោយពិភាក្សាអំពីការព្រួយបារម្ភលើសិទ្ធិមនុស្សនិងស្ថានភាពនៅអាហ្វហ្គានីស្ថាន។
ប្រជាជនប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលដើម្បីរង់ចាំការជម្លៀសចេញពីអាហ្វហ្គានីស្ថាន (រូបថត៖ AP/TTXVN) |
ចូលរួមនិងថ្លែងនៅក្នុងកិច្ចប្រជុំនេះ តំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវបានឲ្យដឹងថា វៀតណាមតាមដានយ៉ាងដិតដល់និងមានបំណងចង់ឲ្យស្ថានការណ៍នៅអាហ្វហ្កានីស្ថានមានស្ថិរភាពក្នុងពេលឆាប់ៗនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
តំណាងបេសកកម្មវៀតណាមក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន កុំប្រើកម្លាំង ធានាសន្តិសុខនិងសណ្តាប់ធ្នាប់ ការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មចាំបាច់ ក៏ដូចជាធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិ អ្នកការទូត អង្គការអន្តរជាតិនិងជនបរទេសនៅអាហ្វហ្គានីស្ថាន។
តំណាងបេសកកម្មវៀតណាមក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ដៃគូអន្តរជាតិនិងតំបន់ បង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថានក្នុងគ្រាដ៏លំបាកនេះ។ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថានតំណាងវៀតណាមបានសម្តែងបំណងចង់ឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការលើបញ្ហាសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។
នៅចុងបញ្ចប់នៃសម័យប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តលើសេចក្តីសម្រេចមួយដែលមានចំណងជើងថា “ពង្រឹងការលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន”៕