វៀតណាមអំពាវនាវឲ្យជំរុញកិច្ចសន្ទនាសន្តិភាពនិងការស្ដារស្ថិរភាពឡើងវិញនៅម៉ាលី

(VOVWORLD) - នាថ្ងៃទី១៩ សីហាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើក កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនាពេលថ្មីៗនេះនៅប្រទេសម៉ាលី។

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៅម៉ាលី អំពាវនាវឲ្យភាគីពាក់ព័ន្ធនានារក្សាភាព អត់ធ្មត់ មិនប្រើប្រាស់អំពើហឹង្សា ជំរុញកិច្ចសន្ទនាដើម្បីស្វែងរកដំណោះ ស្រាយនយោបាយដោយសន្តិភាព សមស្របនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ម៉ាលី សំដៅស្ដារស្ថិរភាពនិងសណ្ដាប់ធ្នាប់សង្គមឡើងវិញនៅប្រទេសនេះ ដើម្បី បំណងប្រាថ្នាស្របច្បាប់របស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ ធ្ងន់ថា វៀតណាមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ.ស.ប សហភាព អាហ្វ្រិក សហគមន៍សេដ្ឋកិច្ចតំបន់អាហ្វ្រិកខាងលិចនិងសហគមន៍អន្តរជាតិ ក្នុងការជំរុញកិច្ចសន្ទនា ក្នុងគោលដៅស្វែងរកដំណោះស្រាយសន្តិភាពរវាង ភាគីពាក់ព័ន្ធនានា ក៏ដូចជាស្ដារស្ថិរភាពនៅប្រទេសម៉ាលីឡើងវិញយ៉ាងឆាប់ៗ។

មុននោះ ប្រធានគណៈកម្មាធិការអាហ្វ្រិក (AUC) លោក Moussa Faki ក៏បានថ្កោលទោសការចាប់ខ្លួនថ្នាក់ដឹកនាំនយោបាយនៅម៉ាលី ព្រមទាំង អះអាងថា AUC ប្រឆាំងជំទាស់នឹងការខិតខំប្រឹងប្រែងណាក៏ដោយសំដៅ ផ្លាស់ប្ដូររដ្ឋាភិបាលដោយអធម្មនុញ្ញភាព ហើយអំពាវនាវឲ្យទាហានម៉ាលី បញ្ចប់ការប្រើប្រាស់អំពើហឹង្សានិងដោះលែងភ្លាមមួយរំពិចឲ្យថ្នាក់ដឹកនាំ ដែលត្រូវចាប់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ