វៀតណាម-អាមេរិកលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ បន្ទាប់ពីជំនួបពិភាក្សាកំពូលមក អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Joe Biden អញ្ជើញថ្លែងទៅកាន់សារព័ត៌មានអំពីលទ្ធផលល្អប្រសើរនៃកិច្ចពិភាក្សា ហើយបានប្រកាសថា  ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

វៀតណាម-អាមេរិកលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតី លោក Joe Biden អញើញជាអធិបតីក្នុងសន្និសីទកាសែតរួម (រូបថត៖ VOV)

អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងថា កិច្ចពិភាក្សាយ៉ាងទូលំទូលាយទទួលបានលទ្ធផលល្អប្រសើរ។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងវៀតណាម-អាមេរិកមានការអភិវឌ្ឍយ៉ាងរឹងមាំ ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពចាប់តាំងពីបានប្រក្រតីភាពទំនាក់ទំនងក្នុងឆ្នាំ ១៩៩៥ ហើយបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា៖ “លោកប្រធានាធិបតី Joe Biden និងរូបខ្ញុំផ្ទាល់ តាងនាមប្រទេសរបស់យើងទាំងពីរ បានអនុម័ត លើសេចក្តីថ្លែងការណ៍រួម លើកកំពស់ទំនាក់ទំនងវៀតណាម-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពជាដៃគូនោះនៅតែបន្តឈរលើការគោរពពេញលេញចំពោះគោលការណ៍ជាមូលដ្ឋានដែលបានកំណត់ទិសសម្រាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរនាពេលកន្លេងមក រួមទាំងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្ថាប័ននយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ យើងក៏បញ្ជាក់ផងដែរថា ការយោគយល់គ្នាទៅវិញទៅមក   ការគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក គឺជាគោលការណ៍ជាមូលដ្ឋាន តែងតែមានសារៈសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងអន្តរជាតិ។ វៀតណាមវាយតម្លៃខ្ពស់ គោរពចំពោះការអះអាងរបស់សហរដ្ឋអាមេរិក ដោយគាំទ្រប្រទេសវៀតណាមមួយដ៏រឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព"។

រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា ប្រទេសទាំងពីរលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព” គឺជាជំហានដ៏ចាំបាច់បំផុត  សំដៅបន្តពង្រីកភាពជាដៃគូសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី Joe Biden បានវាយតម្លៃខ្ពស់ចំពោះវិធីសាស្ត្រដែលប្រទេសទាំងពីរ និងប្រជាជនទាំងពីរដែលបានកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម ដូចជា៖ ការបោសសម្អាតគ្រឿងផ្ទុះដែលនៅសេសសល់ ការសម្អាតការបំពុលបរិស្ថានដែលបណ្តាលមកពីសារធាតុឌីអុកស៊ីត ការបើកទូលាយកម្មវិធីជួយជនពិការ ស្វែងរកនិងប្រមូលអដ្ឋិធាតុទាហានអាមេរិកដែលនៅបាត់ខ្លួនពីសង្គ្រាមនៅវៀតណាម ក៏ដូចជាកងទ័ពវៀតណាមបាត់ខ្លួនក្នុងសម័យសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ