វៀតណាមអះអាងពីកិច្ចសន្ទនាសំដៅបញ្ឈប់គ្រោះថ្នាក់នុយក្លេអ៊ែរនៅលើពិភពលោក
(VOVWORLD) - វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវនូវរាល់កាតព្វកិច្ចជាតិក្នុងក្របខ័ណ្ឌសន្ធិសញ្ញា NPT ក៏ដូចជាការសន្យាអន្តរជាតិដ៏សំខាន់ៗផ្សេងទៀតក្នុងវិស័យនេះ រួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc |
នាថ្ងៃទី ១ ខែសីហា កិច្ចប្រជុំបូកសរុបលើកទី ១០ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានបើកនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រោយរយៈពេល ២ ឆ្នាំត្រូវអាក់ខាន ដោយសារជំងឺរាតត្បាតកូវីដ ១៩។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានអះអាងថា គោលការណ៍ និងគោលនយោបាយឥតងាករេរបស់វៀតណាមគឺជំរុញតុល្យភាពសម្រាប់សសរស្តម្ភទាំង ៣ នៃសន្ធិសញ្ញាគឺ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ អំពាវនាវឱ្យបណ្ដាប្រទេសលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងសង្កត់ធ្ងន់លើសិទ្ធិរបស់បណ្ដាប្រទេសក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលបំណងសន្តិភាព។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវនូវរាល់កាតព្វកិច្ចជាតិក្នុងក្របខ័ណ្ឌសន្ធិសញ្ញា NPT ក៏ដូចជាការសន្យាអន្តរជាតិដ៏សំខាន់ៗផ្សេងទៀតក្នុងវិស័យនេះ រួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកសំណើរវិស័យធ្វើសកម្មភាពចំនួន ៥ គឺ ពង្រឹងសន្ធិសញ្ញា; លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង; ដោះស្រាយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ី; ជំរុញការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ហើយតាមនោះរួមចំណែកអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និងអនុវត្តន៍ការសន្យានៃសន្ធិសញ្ញា។
កិច្ចប្រជុំ NPT លើកនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែសីហាដល់ថ្ងៃទី ២៦ ខែសីហាផងដែរ៕