វៀតណាមអះអាងពីការសន្យាដ៏ខ្លាំងក្លាដើម្បីជំនះពុះពារលើកាតលឿង IUU
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាម កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយឲ្យបានល្អបំផុតនូវអនុសាសន៍របស់ EC ចំពោះការទប់ស្កាត់ និងបញ្ឈប់ការនេសាទ IUU ឆ្ពោះទៅការអភិវឌ្ឍន៍ផ្នេកនេសាទគ្រឿងសមុទ្រប្រកបដោយចីរភាព មានការទទួលខុសត្រូវ និងមានការគ្រប់គ្រង។ វៀតណាមប្តេជ្ញាចិត្តទប់ស្កាត់ បញ្ឈប់ និងឆ្ពោះទៅការលុបបំបាត់ការនេសាទ IUU។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh (រូបថត៖ VNA) |
នារសៀលថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានអញ្ជើញទទួលជួបគណៈប្រតិភូអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) ទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹង ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ដឹកនាំដោយលោក Cesari ប្រធានផ្នែក IUU (អគ្គនាយកដ្ឋានបណ្ដាបញ្ហាអំពីសមុទ្រ និងជលផល)។
អញ្ជើញថ្លែងក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh បានសង្កត់ធ្ងន់ថា គោលនយោបាយ និងទិសដៅរបស់វៀតណាមគឺលើកទឹកចិត្តដល់ប្រជានេសាទចុះឈ្មោះមុខរបរនេសាទស្និទ្ធិស្នាលជាមួយបរិស្ថាន ការពារធនធានជលផលប្រកបដោយចីរភាព។ វៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវសកម្មភាពអភិរក្សសមុទ្រ ប្រលែងត្រីពូជ ស្ដារធនធានជលផលឡើងវិញ កំណត់កូតានេសាទ ហើយមានផែនការកាត់បន្ថយការនេសាទឲ្យមានតុល្យភាពជាមួយនឹងធនធានជលផលជាជំហានៗ។
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាម កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយឲ្យបានល្អបំផុតនូវអនុសាសន៍របស់ EC ចំពោះការទប់ស្កាត់ និងបញ្ឈប់ការនេសាទ IUU ឆ្ពោះទៅការអភិវឌ្ឍន៍ផ្នេកនេសាទគ្រឿងសមុទ្រប្រកបដោយចីរភាព មានការទទួលខុសត្រូវ និងមានការគ្រប់គ្រង។ វៀតណាមប្តេជ្ញាចិត្តទប់ស្កាត់ បញ្ឈប់ និងឆ្ពោះទៅការលុបបំបាត់ការនេសាទ IUU។
ជាការឆ្លើយតប គណៈប្រតិភូ EC បានវាយតម្លៃថា វៀតណាមបានចាត់វិធានការយ៉ាងប្ដូរផ្ដាច់នៅថ្នាក់មជ្ឈិម ចេញផ្សាយច្បាប់ យន្តការ និងគោលនយោបាយជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែងនៅតាមមូលដ្ឋានជាប់សមុទ្រ គណៈប្រតិភូបានឃើញពីភាពប្រសើរគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំង IUU ដូចជា៖ តម្លាភាពព័ត៌មាន លើកកម្ពស់សមត្ថភាពជូនកម្មាភិបាលគ្រប់គ្រងរបរនេសាទត្រីនៅតាមតំបន់ជាប់សមុទ្រទាំង ២៨។ គណៈប្រតិភូក៏បាននាំចេញអនុសាសន៍ជាក់ស្ដែងមួយចំនួន សម្រាប់វៀតណាមអនុវត្តន៍គោលនយោបាយប្រយុទ្ធប្រឆាំងការនេសាទ IUU ប្រកបដោយប្រសិទ្ធភាពផងដែរ៕