វៀតណាម-ឥណ្ឌា៖ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការប្រយុទប្រឆំាងជំងឺរាតត្បាតនិងក្នុងវិស័យការពារជាតិ-សន្តិសុខ
(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Kumar Verma។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមនៅក្នុងជំនួប (រូបថត៖ Thong Nhat/TTXVN) |
ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ឱ្យវៀតណាមនូវម៉ាស៊ីនបង្កើតអុកស៊ីសែននិងឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកប្រធានរដ្ឋបានស្នើឲ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ជំរុញរដ្ឋាភិបាលឥណ្ឌាឲ្យវៀតណាមខ្ចីជាបន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១០ លានដូសនាពេលខាងមុខនេះ និងជួយឧបត្ថម្ភវៀតណាមនូវថ្នាំព្យាបាលកូវីដ ១៩ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួលជាមួយអាជ្ញាធរវៀតណាមដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលក្នុងនោះចាំបាច់ត្រូវរក្សាបាននូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ក៏ដូចជា ជំរុញកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា។
ក្នុងវិស័យការពារជាតិនិងសន្តិសុខ លោកប្រធានរដ្ឋបានស្នើឲ្យឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខបណ្តាញអ៊ិនធឺរណែត ផ្លាស់ប្តូរព័ត៌មានអំពីចារកម្ម ប្រយុទ្ធប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខមិនមែនប្រពៃណី និងសម្របសម្រួលយ៉ាងសកម្មដើម្បីពន្លឿនការអនុវត្តកញ្ចប់ជំនួយឥណទានសម្រាប់វៀតណាម។
ចំណែកឯឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Kumar Verma បានឯកភាពចំពោះរាល់បញ្ហាដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc លើកឡើងនិងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្រុមហ៊ុនឱសថរបស់ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ថ្នាំដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់ប្រទេសវៀត ណាម ហើយឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់វ៉ាក់សាំងសម្រាប់ដៃគូ រួមទាំងវៀតណាមផងដែរ៕