វៀតណាម-ឥណ្ឌូនេស៊ីបង្កើនកិច្ចសហការ ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងការធ្វើលទ្ធកម្មប្រភពវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - នារសៀលថ្ងៃទី១៥ កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីសាធារណៈរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA) |
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើនកិច្ចសហការ ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងធ្វើលទ្ធកម្មប្រភពវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្តសម្រេចបានលទ្ធផលវិជ្ជមាន ហើយភាគីទាំងពីរត្រូវការបន្តជំរុញការផ្លាស់ប្ដូរនិងជំនួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ជំរុញខ្លាំងការអនុវត្តកម្មវិធីសកម្មភាពដំណាក់កាល២០១៩-២០២៣សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងចក្ខុវិស័យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដំណាក់កាល២០១៧-២០២២។
ដើម្បីជំរុញការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាត ថ្នាក់ដឹកនាំទាំងពីរសន្យា នឹងបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនានា សហការគ្នាជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ខិតខំប្រឹងប្រែងនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិត១០ពាន់លានដុល្លាអាមេរិកតាមទិសតុល្យលភាព កាត់បន្ថយការអនុវត្តរបាំងពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និយាយរួមក៏ដូចជាការនាំចេញនាំចូលទំនិញកសិផលនិងអង្ករនិយាយដោយឡែក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចចរចាអំពីការកំណត់តំបន់សេដ្ឋកិច្ចផ្ដាច់មុខត្រួតស៊ីគ្នា ដោះស្រាយបញ្ហាដែលកើតឡើងដោយឈរលើស្មារតីមិត្តភាពនិងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។
ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួម ក្នុងនោះមានបញ្ហាសមុទ្រខាងកើតនិងស្ថានភាពនៅមីយ៉ាន់ម៉ា ព្រមទាំងឯកភាពលើការបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធនៅអង្គការនិងវេទិកាទ្វេភាគីនិងតំបន់នានាផងដែរ៕