វេទិកាបច្ចេកវិទ្យាឌីជីថល DigiFrontiers៖ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការឌីជីថលវៀតណាម-អូស្ត្រាលី
Viet Nga/VOV អូស្ត្រាលី -  
(VOVWORLD) - ថ្ងៃទី ២ ឧសភានេះ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី បណ្តាញសន្ទនាអ្នកដឹកនាំវ័យក្មេងវៀតណាម-អូស្ត្រាលី បានរៀបចំវេទិកាបច្ចេកវិទ្យាឌីជីថល DigiFrontiers។
លោក Anders Sorman-Nilsson បានណែនាំពីនិន្នាការអភិវឌ្ឍន៍នៃ AI នៅ DigiFrontiers (រូបថត៖ VOV) |
តំណាងជាង ១៦០ នាក់មកពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រសួងផែនការ និងវិនិយោគ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម; ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី រួមជាមួយសមាគម និងអាជីវកម្មឌីជីថលជាច្រើននៃប្រទេសវៀតណាម និងអូស្ត្រាលីបានចូលរួមវេទិកាផងដែរ។
នៅក្នុងវេទិកានេះ តំណាងរដ្ឋាភិបាលទាំងពីរ សមាគម អាជីវកម្ម និងអ្នកជំនាញនៃប្រទេសទាំងពីរបានណែនាំអំពីសេដ្ឋកិច្ចឌីជីថលរបស់ភាគីនីមួយៗ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន និន្នាការ និងសក្តានុពលក្នុងបញ្ញាសិប្បនិម្មិត blockchain សន្តិសុខតាមអ៊ីនធឺណិត ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការអប់រំ។ ធ្វើការវាយតម្លៃលើសក្ដានុពលនៃទីផ្សារបច្ចេកវិទ្យាឌីជីថលរបស់វៀតណាម លោក Jonathan Saw ទីប្រឹក្សាពាណិជ្ជកម្មអូស្ត្រាលីប្រចាំនៅវៀតណាមបានអះអាងថា៖ “សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃរហូតដល់ ១៨០ ពាន់លានដុល្លាអូស្ត្រាលី ទៅ ៣០០ ពាន់លានដុល្លាអូស្ត្រាលី។ វៀតណាមក៏ត្រូវបានចាត់ទុកថាជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍ ដូច្នេះអាជីវកម្មបច្ចេកវិទ្យាអូស្ត្រាលីនឹងមានឱកាសជាច្រើនដើម្បីចូលរួមក្នុងដំណើរការឌីជីថលនីយកម្មនៃសេដ្ឋកិច្ចវៀតណាម ជាពិសេសលើវិស័យដូចជា សន្តិសុខតាមអ៊ីនធឺណិត បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាកសិកម្ម ការអប់រំ បច្ចេកវិទ្យា ទីក្រុងឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធ”។
វេទិកា DigiFrontiers ក៏បង្កើតឱកាសសម្រាប់ធុរកិច្ចអូស្ត្រាលី និងវៀត ណាមជួបផ្ទាល់ ដើម្បីពិភាក្សា និងស្វែងរកឱកាសតភ្ជាប់នាពេលអនាគត។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សមាគម Blockchain វៀតណាម និងសមាគម Blockchaine អូស្ត្រាលីបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕
Viet Nga/VOV អូស្ត្រាលី