វេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២២៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងឆ្លើយតបដោយម្ចាស់ការនិងភាពបត់បែន
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ កញ្ញា នៅមជ្ឈមណ្ឌលសន្និបាតជាតិ វេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២២ ក្រោមប្រធានបទ “ពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច ជំរុញការងើបឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាព” ត្រូវបានបើកជាផ្លូវការ។
អញ្ជើញចូលរួមវេទិកានេះមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh និងប្រតិភូប្រមាណ ៤០០ នាក់ រួមទាំងអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ប្រធានទីភ្នាក់ងារ និងអង្គការនានានៅវៀតណាម រួមជាមួយតំណាងសហគមន៍ធុរកិច្ចក្នុងស្រុកនិងបរទេសជាដើម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា។
(រូបថត៖ VOV) |
អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វេទិកាសេដ្ឋកិច្ចនិទាឃរដូវនិងសរទរដូវរបស់រដ្ឋសភានីតិកាលទី១៣និង១៤ ក៏ដូចជាវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២១ របស់រដ្ឋសភានីតិកាលទី ១៥ គឺជាវិធីសាស្ត្រដ៏សំខាន់មួយដើម្បីកៀរគរនិងពង្រីកយ៉ាងទូលំទូលាយនូវប្រាជ្ញា ភាពក្លៀវក្លា ទំនួលខុសត្រូវរបស់សមាជិករដ្ឋសភា ប្រជាជន អ្នកបោះឆ្នោត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រាសនិងសហគ្រិនក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមចំណែកក្នុងការសម្រេចនានារបស់រដ្ឋសភា។ លោកប្រធានរដ្ឋសភាបានបញ្ជាក់ថា អាស្រ័យលើការសម្រេចដ៏ត្រឹមត្រូវ និងទាន់ពេលវេលារបស់មជ្ឈិម រដ្ឋសភា ការដឹកនាំនិងប្រតិបត្តិយ៉ាងមឺងម៉ាត់របស់រដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកពីមជ្ឈិមដល់មូលដ្ឋាន ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម បន្តមានស្ថិរភាពហើយសម្រេចបានលទ្ធផលវិជ្ជមាននិងសំខាន់ជាច្រើន។ ការរៀបចំវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២២ ក្នុងបរិបទដែលរដ្ឋសភាកំពុងត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៤ ដើម្បីពិចារណា សម្រេចលើបញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ៗជាច្រើននិងការងារតាក់តែងច្បាប់ គឺមានសារៈសំខាន់ណាស់។
វេទិកានេះគឺជាឱកាសដើម្បីបំពេញបន្ថែមទឡ្ហីករណ៍វិទ្យាសាស្ត្រ ជាក់ស្តែង ស្រាវជ្រាវបទពិសោធន៍អន្តរជាតិ ពិគ្រោះយោបល់ជាមួយអ្នកជំនាញក្នុងស្រុក និងបរទេស រួមជាមួយនឹងការច្បាមជាប់ស្ថានភាពជាក់ស្តែង នឹងជាកាណាល់ព័ត៌មាន “ធាតុចូល” ដ៏សំខាន់សម្រាប់ទីភ្នាក់ងារនៃរដ្ឋសភា សមាជិករដ្ឋសភាមានទិន្នន័យបន្ថែមទៀត; ពីនោះ ដំណើរការវិភាគ ព្យាករណ៍ មានដំណោះស្រាយគោលនយោបាយឲ្យទាន់ពេលវេលា ដើម្បីពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ចាប់យកឱកាស ជាពិសេសសម្រាប់គោលនយោបាយសារពើពន្ធ រូបិយវត្ថុ សន្តិសុខសង្គម សំដៅជួយទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងការជំនះពុះពារលើការលំបាក ស្តារឡើងវិញ ហើយជំរុញកំណើននិងការអភិវឌ្ឍផងដែរ៕