វេទិកាអន្តរជាតិ សម្រាប់ចែករំលែកបទពិសោធន៍ក្នុងការកសាង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍យុវជន
(VOVWORLD) - នាថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមបានរៀបចំវេទិកាអន្តរជាតិមួយដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងនិងអនុវត្តគោលនយោបាយអភិវឌ្ឍន៍យុវជន។ ចូលរួមនៅតាមទីតាំងផ្សាយផ្ទាល់និងតាមអ៊ីនធឺណែត មានថ្នាក់ដឹកនាំក្រសួង មន្ទីរ ស្ថាប័នមជ្ឈឹមរបស់វៀតណាម និងបណ្តាប្រទេសអាស៊ាន ចិន កូរ៉េខាងត្បូង និងជប៉ុនផងដែរ។
លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន លោក Bui Quang Huy បានចូលរួមវេទិកានេះ។ (រូបថត៖ Minh Duc/TTXVN) |
នៅក្នុងវេទិកានេះ តំណាងថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការយុវជននៃបណ្តាប្រទេសអាស៊ាន និងចិនបានចែករំលែកបទពិសោធន៍ក្នុងការកសាង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍យុវជនរបស់ខ្លួន ក្នុងវិស័យដូចជា៖ ការសិក្សា ស្រាវជ្រាវវិទ្យាសាស្ត្រ; ពលកម្ម ការងារ; ចាប់ផ្តើមអាជីព; ថែទាំ និងលើកកម្ពស់សុខភាព; ការផ្លាស់ប្តូរឌីជីថល...; ហើយបានស្នើយន្តការសម្របសម្រួលក្នុងការកសាង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍យុវជន; បង្កើនកិច្ចសហប្រតិបត្តិការយុវជនអាស៊ាន - ចិន។
ថ្លែងមតិនៅវេទិកា លេខាគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម លោក Nguyen Tuong Lam បានសង្កត់ធ្ងន់ថា៖ “ប្រការដ៏សំខាន់នោះគឺ ត្រូវបង្កើនសកម្មភាពផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងដំណើរការកសាង និងអនុវត្តគោលនយោបាយច្បាប់ ចំពោះយុវជន រវាងស្ថាប័ន អង្គភាព និងអង្គការនានារបស់វៀតណាម និងប្រទេសដទៃទៀត។ ជំរុញការសិក្សារៀនសូត្រ ចែករំលែកបទពិសោធន៍ក្នុងការកសាង និងអនុវត្តគោលនយោបាយយុវជន បន្តលើកសំណើរគំនិតផ្តួចផ្តើម និងដំណោះស្រាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុវជនអាស៊ាន និងអាស៊ាន+”។
ពីការចែករំលែកនៅក្នុងវេទិកានេះ គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមនឹងសម្របសម្រួលជាមួយក្រសួង ស្ថាប័នមជ្ឈឹមនិងមូលដ្ឋាននានា សំដៅធ្វើសេនាធិការដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយច្បាប់ចំពោះយុវជនឲ្យបានសមស្របនឹងគោលនយោបាយស្ដីពីយុវជនរបស់ពិភពលោកនិងអាស៊ាន ស្នើគំនិតផ្ដួចផ្ដើម និងដំណោះស្រាយដើម្បីបង្កើនសកម្មភាពសហប្រតិបត្តិការយុវជនប្រចាំឆ្នាំ៕