វប្បធម៌អរិយ្យធម៌របស់វៀតណាមដែលបង្កើតឡើងដោយជនជាតិទាំង ៥៤ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅ “ពិធីបុណ្យពណ៌នានិទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេស” ឆ្នាំ ២០២២។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ចូលរួមពិធីបុណ្យ “ពណ៌និទាឃរដូវនៅគ្រប់តំបន់នៃប្រទេស” ឆ្នាំ ២០២២ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីបុណ្យនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វប្បធម៌ អរិយ្យធម៌របស់ប្រទេសជាតិ បានបង្កើតឡើងដោយជនជាតិទាំង៥៤លើទូទាំងប្រទេសវៀតណាម។ នោះគឺជាវប្បធម៌ អរិយ្យធម៌ដ៏សម្បូរបែប ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។ តាមលោកប្រធានរដ្ឋNguyen Xuan Phuc ក្រោយរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តការងារផ្លាស់ប្តូរថ្មីប្រទេសជាតិ ស្មារតីមហាសាមគ្គីភាពរបស់ជនជាតិទាំង ៥៤ លើទូទាំងវៀតណាមបន្តត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះជនជាតិភាគតិច អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឆ្ងាយដាច់ស្រយាល អនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងយកចិត្តទុកដាក់លើការអភិរក្ស តម្លៃវប្បធម៌របស់ជនជាតិ ដោយចាត់ទុកវប្បធម៌ជនជាតិជាផ្នែកសំខាន់នៃវប្បធម៌វៀតណាម។ ដោយមានសកម្មភាពប្រចាំឆ្នាំជាច្រើននៅភូមិវប្បធម៌និងទេសចរណ៍វៀតណាម លោកប្រធានបានសង្កត់ធ្ងន់ថា “ដំបូលផ្ទះរួម” នេះគឺជាទីណាត់ជួប ដើម្បី ផ្សព្វផ្សាយប្រពៃណីវប្បធម៌របស់ជនជាតិវៀតណាម៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលឃើញសម្រស់វប្បធម៌វិសេសវិសាលរបស់ជនជាតិចំនួន ៥៤ មិនត្រឹមតែឆ្លុះបញ្ចាំងនៅទីកន្លែងនេះប៉ុណ្ណោះទេ ថែមទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិនីមួយៗនៅវៀត ណាមទៀតផង។ ប្រការនេះ បានធ្វើឲ្យសម្រស់វប្បធម៌រីកសាយភាយក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ខ្ញុំសូមស្នើដល់គ្រប់ថ្នាក់ ស្ថាប័ននិងអង្គការមហាជន ចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ឲ្យមានដំណោះស្រាយការងារជាក់ស្តែង ដើម្បីជួយដល់ជនជាតិភាគតិច ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែរក្សាការអប់រំ វប្បធម៌ និងអរិយធម៌។ ជាពិសេស បង្កើតការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងសង្គមជាមូលដ្ឋាននៅក្នុងតំបន់ដែលមានជនជាតិភាគតិច លើកកំពស់ភាពវិជ្ជមាន ភាពជឿជាក់លើខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងរបស់ប្រជាជន ដូចមានចែងក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី១៣”។
ក្នុងពិធីបុណ្យនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានវាយគង ដើម្បីជាសញ្ញានៃពិធីបុណ្យនិទាឃរដូវ និងជូនអំណោយដល់តំណាងជនជាតិភាគតិចចំនួន ២២ ដែលមានវត្តមាននៅភូមិវប្បធម៌ និងទេសចរណ៍វៀតណាម៕