វិមានក្រឹមឡាំង៖ “សុច្ឆន្ទៈ” របស់រុស្ស៊ីលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​មិនអាចស្ថិតស្ថេរជារៀងរហូតបានទេ

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមិថុនា វិមានក្រឹមឡាំងបានព្រមានថា "សុច្ឆន្ទៈ" របស់រុស្ស៊ីមិនអាចស្ថិតស្ថេរជារៀងរហូត ទាក់ទងនឹងការពន្យាពេលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនោះឡើយ។
វិមានក្រឹមឡាំង៖ “សុច្ឆន្ទៈ” របស់រុស្ស៊ីលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​មិនអាចស្ថិតស្ថេរជារៀងរហូតបានទេ - ảnh 1រូបភាព៖ AP

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា សកម្មភាពយឺតយ៉ាវរបស់លោកខាងលិច និងការមិនអនុលោមតាមកិច្ចសន្យាពីមុននោះ នឹងធ្វើឱ្យ"សុច្ឆន្ទៈ"របស់រុស្ស៊ីក្នុងការពន្យាពេលកិច្ចព្រមព្រៀង រលាយសាបសូន្យបន្តិចម្តងៗ។

មុននោះ នាថ្ងៃទី ១៣ មិថុនា ប្រធានាធិបតីរុស្ស៊ី V.Putin បានប្រកាសថា លោកកំពុងពិចារណាដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ពីព្រោះលោកខាងលិចមិនអនុវត្តន៍កិច្ចសន្យាណាមួយដើម្បីធានាថា ទំនិញកសិកម្មរបស់រុស្ស៊ីត្រូវបាននាំចូលទីផ្សារពិភពលោកប្រកបដោយស្ថិរភាព។ ប្រធានាធិបតីរុស្ស៊ីក៏បានឲ្យដឹងថា ជំនួសឱ្យការបន្តចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅនោះ រុស្ស៊ីនឹងងាកទៅរកការផ្គត់ផ្គងគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃដល់ប្រទេសក្រីក្រនៅលើពិភពលោកវិញ។

បច្ចុប្បន្ន ការនាំចេញស្បៀងអាហារនិងជីរបស់រុស្ស៊ីមិនរងការរឹតបន្តឹងដោយបទដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រោយជម្លោះនៅអ៊ុយក្រែនទេ ប៉ុន្តែការរឹតបន្តឹងលើការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រងបានក្លាយជាឧបសគ្គដ៏ធំ ចំពោះប្រតិបត្តិការដឹកជញ្ជូនទំនិញរបស់ប្រទេសនេះ។ កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបច្ចុប្បន្ន មានសុពលភាពរហូតដល់ថ្ងៃទី ១៧ ខែកក្កដា បន្ទាប់ពីត្រូវបានពន្យាពេលកាលពីថ្ងៃទី ១៨ ខែឧសភាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ