វិមានក្រឹមឡាំងកំណត់លក្ខខណ្ឌដើម្បីរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អ៊ុយក្រែន
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលបានឲ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែនកំពុងបន្តការចរចាយ៉ាងស៊ីជម្រៅតាមទម្រង់អនឡាញ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky។ (រូបថត៖ AFP/TTXVN) |
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃទី ៥ ខែមេសាបានឲ្យដឹងថា រុស្ស៊ីមិនបានច្រានចោលលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky នោះទេ ប៉ុន្តែលោកបានអះអាងថា ជំនួបនេះអាចប្រព្រឹត្តទៅបាន នៅពេលដែលភាគីទាំងពីរបានឯកភាពគ្នាលើឯកសារមួយ។ លោក Peskov បានបដិសេធការធ្វើអត្ថាធិប្បាយលើវឌ្ឍនភាពនៃដំណើរការចរចា។
នាថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលបានឲ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែនកំពុងបន្តការចរចាយ៉ាងស៊ីជម្រៅតាមទម្រង់អនឡាញ។ នៅថ្ងៃទី ៥ ខែមេសានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បានសង្កត់ធ្ងន់ថា ទីក្រុងគៀវនិងម៉ូស្គូនឹងមិនអាចឯកភាពគ្នានៅគ្រប់ចំណុចទាំងអស់ក្នុងពេលតែមួយបានទេ ប៉ុន្តែចាំបាច់ត្រូវដោះស្រាយការខ្វែងគំនិតគ្នា៕