វិស័យគ្រឿងសង្ហារឹមនិងសិប្បកម្មវិចិត្រសិល្បៈឆ្ពោះទៅរកទីផ្សារអាស៊ាន
(VOVWORLD) - ក្នុងលើក ដំបូងដែលបានរៀបចំឡើង VIFA ASEAN ២០២៣ បានទាក់ទាញអាជីវកម្មជិត ២០០ ជាមួយនឹងស្តង់ទំនិញចំនួន ៦០០ និងភ្ញៀវអន្តរជាតិជាង ២.០០០ នាក់បានចុះឈ្មោះ ចូលទស្សនា។
ភ្ញៀវបរទេសស្វែងយល់អំពីគ្រឿងសង្ហារិមនៅការតាំងពិព័រណ៍កាលពីខែមីនាឆ្នាំនេះនៅទីក្រុងហូជីមិញ។ |
ពិព័រណ៍អន្តរជាតិអំពីគ្រឿងសង្ហារឹមនិងសិប្បកម្មវិចិត្រសិល្បៈនាំចេញវៀតណាម-អាស៊ាន (VIFA ASEAN ២០២៣) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត Sai Gon ទីក្រុងហូជីមិញ។ ក្នុងលើក ដំបូងដែលបានរៀបចំឡើង VIFA ASEAN ២០២៣ បានទាក់ទាញអាជីវកម្មជិត ២០០ ជាមួយនឹងស្តង់ទំនិញចំនួន ៦០០ និងភ្ញៀវអន្តរជាតិជាង ២.០០០ នាក់បានចុះឈ្មោះ ចូលទស្សនា។ ក្នុងនោះ មានអ្នកផលិត កែច្នៃឈើនិងគ្រឿងសិប្បកម្មវិចិត្រសិល្បៈដ៏ ល្បីល្បាញជាច្រើនក្នុងស្រុក និងអន្តរជាតិ មកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន ជប៉ុន ឥណ្ឌា ហូឡង់ ហុងកុង (ចិន) ម៉ាឡេស៊ី ថៃ និងកម្ពុជា ជាដើម។
អាជីវកម្មវៀតណាមដែលចូលរួមពិព័រណ៌បានចាត់ទុកនេះជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ លោក Tran Hoai Huu នាយកក្រុមហ៊ុន Gia Nhien ឯកទេសខាងនាំចេញគ្រឿងសិប្បកម្មវិចិត្រសិល្បៈបានចែករំលែកថា៖ “ក្នុងខែសីហានេះ អតិថិជនចាប់ផ្ដើមមានទំនោរវិលត្រលប់មកវិញ បន្ទាប់ពីធ្លាក់ ចុះយ៉ាងខ្លាំងក្នុងមួយរយៈ ហើយកំពុងទំនាក់ទំនងច្រើន។ មានកិច្ចសន្យាជាច្រើនដែល យើងកំពុងចរចា ហើយអាចក្លាយជាការបញ្ជាទិញ។ យើងកំពុងមានយុទ្ធសាស្ត្រផ្សព្វ ផ្សាយបន្ថែមទៀត ដើម្បីស្វែងរកប្រភពអតិថិជនថ្មី។ ពីមុន ទីផ្សារអាស៊ីមិនសូវមានច្រើនទេ ប៉ុន្តែយើងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ព្រោះនាបច្ចុប្បន្ន នេះជាទីផ្សារដ៏មានសក្ដានុពលខ្លាំងណាស់”។
នាពេលបច្ចុប្បន្ននេះ អាស៊ីអាគ្នេយ៍បានក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ និង ស្វាហាប់របស់ពិភពលោក ហើយក៏ជាមជ្ឈមណ្ឌលផលិតកម្ម និងផ្គត់ផ្គង់គ្រឿង សង្ហារិមនិងគ្រឿងសិប្បកម្មវិចិត្រសិល្បៈឈានមុខគេ លើពិភពលោក។ ក្នុងនោះ វៀតណាមជាប្រទេសនាំចេញផលិតផលឈើឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងទីពីរនៅអាស៊ី៕