សិក្ខាសាលាអន្តរជាតិលើកទី ១៥ ស្តីពីសមុទ្រខាងកើត លើកកម្ពស់ការគោរពនិងអនុលោមតាមច្បាប់សមុទ្រអន្តរជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែតុលា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៥ ស្តីពីសមុទ្រខាងកើត ដោយប្រធានបទ “បង្រួញដែនសមុទ្រពណ៌ប្រផេះ ពង្រីកដែនសមុទ្របៃតង”។
សិក្ខាសាលានេះបានប្រមូលផ្តុំវាគ្មិនជិត ៥០ នាក់ ជាអ្នកជំនាញដែលមានកិត្យានុភាពមកពីប្រទេសជិត២០; ជាមួយប្រតិភូជិត ៧០ នាក់មកពីស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាម (ក្នុងនោះមានឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលជិត ២០ នាក់) ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានថ្លែងមតិនៅសិក្ខាសាលានេះ។ រូបថត៖ VOV |
ទាក់ទងនឹងអត្ថន័យរបស់សិក្ខាសាលានេះ នាយកស្តីទីបណ្ឌិត្យសភាការទូតលោក Pham Lan Dung បានមានប្រសាសន៍ថា “ការបង្រួញដែនសមុទ្រពណ៌ប្រផេះ” មានអត្ថន័យឆ្ពោះទៅរកគោលដៅនៃលំហសមុទ្រកាន់តែមានតម្លាភាពនិងសន្តិភាព “ការពង្រីកដែនសមុទ្របៃតង” សំដៅកំណត់សក្តានុពលនៃសមុទ្រនិងអនាគត តាមរយៈការជំរុញការអនុវត្តល្អ ក្នុងវិស័យសំខាន់ៗដូចជា៖ ការផ្លាស់ប្តូរបៃតង បច្ចេកវិទ្យា ការស្រាវជ្រាវនិងវិនិយោគទាក់ទងនឹងថាមពលខ្យល់ ការផ្លាស់ប្តូរថាមពលសមុទ្រ។
ថ្លែងមតិនៅសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានចាត់ទុកថា បើប្រៀបធៀបនឹងរយៈពេល១៥ឆ្នាំមុន ស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ ហើយ “តំបន់ពណ៌ប្រផេះ” ជាច្រើនដែលទើបនឹងកើតមានឡើងត្រូវការបំភ្លឺ។ ទន្ទឹមនឹងនោះ សមុទ្រខាងកើតនៅតែជាតំបន់ដែលនាំមកនូវឱកាសសហប្រតិបត្តិការដ៏មានសក្តានុពលជាច្រើន។ ក្នុងបរិបទនោះ អនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា តាមរយៈកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ ប្រទេសនានាអាចជួយសមុទ្រខាងកើតផ្លាស់ប្តូរពី “ពណ៌ប្រផេះ” ទៅជា “បៃតង” ឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបានគោលដៅនេះ ប្រការដ៏សំខាន់គឺត្រូវគោរពនិងអនុលោមតាមច្បាប់សមុទ្រអន្តរជាតិ។
នាពេលកន្លងទៅ វៀតណាមនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជានិច្ចកាលខិតខំប្រឹងប្រែងឆ្ពោះទៅរកសណ្តាប់ធ្នាប់ក្នុងតំបន់ រួមមានលំហសមុទ្រប្រកបដោយស្ថេរភាព ដោយផ្អែកលើច្បាប់។ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអនុវត្តជាក់ស្តែង និងដាក់ពង្រាយប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងចក្ខុវិស័យសហប្រតិបត្តិការសមុទ្រ។ ទន្ទឹមនឹងនោះ វៀតណាមជានិច្ចកាលគាំទ្រគំនិតផ្ដួចផ្ដើមថ្មីដើម្បីគោលដៅរួម តាមរយៈយន្តការទ្វេភាគី ពហុភាគី និងថ្មីថ្មោង៕