សកម្មភាពជាច្រើន ដើម្បីអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ទី ២០ ខែវិច្ឆិកា
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ ទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកា ១៩៨២ - ២០ វិច្ឆិកា ២០២៣) នាយប់ថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី “ជំនួសការដឹងគុណឆ្នាំ ២០២៣” ក្រោមប្រធានបទ “ខ្ញុំជ្រើសរើសអាជីពជាអ្នកបង្រៀន” ដោយក្រសួងអប់រំនិងបណ្តុះបណ្តាល សហជីពអប់រំវៀតណាម និងទូរទស្សន៍វៀតណាមសម្របសម្រួលរៀបចំឡើង។
ថ្លែងនៅក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តី លោក Tran Hong Ha បានផ្ញើសេចក្តីជូនពរដ៏ល្អប្រសើរ និងថ្លែងអំណរគុណយ៉ាងស្មោះសរដល់លោកគ្រូអ្នកគ្រូ និងកម្មាភិបាលអប់រំឆ្នើម ដែលត្រូវបានលើកតម្កើងនៅឆ្នាំនេះ រួមជាមួយលោកគ្រូ អ្នកគ្រូ កម្មាភិបាល និងបុគ្គលិកក្នុងវិស័យអប់រំនៅទូទាំងប្រទេស។ លោកឧបនាយករដ្ឋមន្រ្តីបានចែករំលែកថា ប្រពៃណីនៃការសិក្សារៀនសូត្រ និងគោរពគ្រូបង្រៀន គឺជាតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារនីមួយៗ និងរបស់ប្រជាជាតិទាំងមូល។
មុននោះ នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះបណ្តាល រួមសហការជាមួយសហជីពអប់រំវៀតណាមបានរៀបចំពិធីកោតសរសើរគ្រូបង្រៀន និងកម្មាភិបាលឆ្នើមនៅឆ្នាំ ២០២៣ ។ ឆ្នាំនេះមានគ្រូបង្រៀននិងកម្មាភិបាលអប់រំឆ្នើមចំនួន ២០០ នាក់ ត្រូវបានលើកតម្កើង។ ក្នុងនាមជាគ្រូបង្រៀនដែលបានកោតសរសើរ លោកស្រី Pham Thi Trang Nhung គ្រូបង្រៀននៅវិទ្យាល័យ Bien Hoa ខេត្ត Ha Nam បានសម្តែងថា៖ “ខ្ញុំមានកិត្តិយសនិងមោទនភាពខ្លាំងណាស់ ដែលជាគ្រូបង្រៀនត្រូវបានកោតសរសើរ។ ខ្ញុំឃើញថា រូបខ្ញុំផ្ទាល់ត្រូវមានការទទួលខុសត្រូវបន្ថែមទៀតនៅក្នុងវិជ្ជាជីវៈរបស់ខ្លួន និងរួមចំណែកបន្ថែមទៀតដល់វិស័យអប់រំរបស់ប្រទេសទាំងមូល”។
លោកគ្រូ អ្នកគ្រូ និងកម្មាភិបាលអប់រំត្រូវបានកោតសរសើរសុទ្ធតែជាគំរូដ៏ភ្លឺស្វាងអំពីការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និងសេចក្តីស្រឡាញ់វិជ្ជាជីវៈ៕