សកម្មភាពជាច្រើនក្នុងទិវាបុណ្យស្វាយ Yen Chau
(VOVWORLD) - ទិវាបុណ្យស្វាយ Yen Chau លើកទី ៥ ឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនៅថ្ងៃទី ៨ និងទី ៩ ខែមិថុនា នៅឃុំ Sap Vat ស្រុក Yen Chau ខេត្ត Son La ជាមួយនឹងសកម្មភាពដ៏គួរឱ្យទាក់ទាញជាច្រើន។
ទិវាបុណ្យមានខ្លឹមសារសម្បូរបែបជាច្រើនដូចជា៖ ការសម្តែងសិល្បៈ ល្បែងលេងប្រជាប្រិយ ការផ្លាស់ប្តូរវប្បធម៌; ការប្រឡងប្រមូលផ្លែស្វាយ ការប្រឡងរាំរបាំ Xoe និងសកម្មភាពពិសោធន៏នៅចម្ការស្វាយ។ លើសពីនេះ ទិវាបុណ្យក៏បានរៀបចំស្តង់ចំនួន ១៥ ដើម្បីឧទ្ទេសនាមផ្លែស្វាយ លក់ផលិតផលកសិកម្មនិងសិប្បកម្មពីសហករណ៍ ធុរកិច្ច ឃុំ និងទីរួមស្រុកនានា; រៀបចំកន្លែងលក់ផលិតផលស្វាយដែលមានគុណភាពខ្ពស់ នៅតាមបណ្តោយផ្លូវជាតិលេខ៦។ សកម្មភាពក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនធំ។
“ទិវាបុណ្យស្វាយមានភាពសប្បាយអូអរ ខ្ញុំអាចជ្រើសរើសដោយផ្ទាល់នូវផ្លែស្វាយដែលមានក្លិនក្រអូប ឈ្ងុយឆ្ងាញ់ ជាពិសេសស្វាយមូល Yen Chau”។
ពិធីបុណ្យផ្លែស្វាយ Yen Chau បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យចូលរួម និងអបអរសាទរ។ រូបថត៖ VOV |
ទិវាបុណ្យស្វាយត្រូវបានរៀបចំឡើងដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយម៉ាកយីហោស្វាយ Yen Chau លើកតម្កើងអ្នកដាំស្វាយ; ទន្ទឹមនឹងនោះ បង្កើតឱកាសសម្រាប់កសិករ និងសហករណ៍ដាំស្វាយ ដើម្បីផ្លាស់ប្តូរ សិក្សា និងលើកកម្ពស់បទពិសោធន៍។ តំណាងស្តង់ទំនិញនៃឃុំ Chieng Dong ស្រុក Yen Chau ចែករំលែកថា៖ “ទិវាបុណ្យស្វាយ Yen Chau នាំមកនូវឱកាសផ្សព្វផ្សាយផលិតផលស្វាយពិសេសរបស់ឃុំ។ យើងសង្ឃឹមថា នាពេលខាងមុខ មូលដ្ឋាននឹងទាក់ទាញភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាជនក្នុងខេត្តយ៉ាងច្រើនកុះករ ឱ្យមកទស្សនានិងពិសារផលិតផលស្វាយពិសេសរបស់ឃុំ Chieng Dong”។
ទិវាបុណ្យស្វាយ Yen Chau ត្រូវបានរៀបចំដោយជោគជ័យបានរួមចំណែកផ្សព្វផ្សាយម៉ាកយីហោស្វាយមូល Yen Chau និងលើកតម្កើងអ្នកដាំស្វាយ; ឧទ្ទេសនាមអំពីទឹកដី រូបភាពប្រជាជន និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅស្រុក Yen Chau ដល់មិត្តភ័ក្តិនិងភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ ជំរុញវិស័យទេសចរណ៍ជនបទនៅភូមិ Kha ឃុំ Sap Vat និងទេសចរណ៍របស់ស្រុកអភិវឌ្ឍន៍ឲ្យបានសមស្របទៅនឹងសក្ដានុពលនិងអភិវឌ្ឍន៍របស់មូលដ្ឋាន៕