សកម្មភាពរំលឹកខួបទិវានារីអន្តរជាតិ ៨ មិនា
(VOVWORLD) -អង្គប្រជុំបានលើកសំណើរ និងអនុសាសន៍ជាច្រើន ដូចជា៖ ជំរុញការចូលរួម និងភាពជាអ្នកដឹកនាំរបស់នារីទៅក្នុងកិច្ចសន្ទនាគោលនយោបាយ ដែលទាក់ទិននឹងប្រព័ន្ធគាំពារសង្គម សេវាកម្មសាធារណៈ។
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ qdnd.vn) |
នារីមិនទាន់មានឱកាសទាក់ទងផ្ទាល់ជាមួយការងារធ្វើល្អ ហើយនៅតែមានការប្រកាន់ភេទក្នុងទីផ្សារពលករ។ នេះគឺជាការអះអាងរបស់អង្គប្រជុំជាច្រើនរូបនៅក្នុងកិច្ចសន្ទនាស្ដីពី "ការបង្កើន សន្តិសុខសង្គម និងសេវាសាធារណៈដើម្បីជំរុញនារីចូលរួមទីផ្សារពលករ ដែលត្រូវបានក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម រួមសហការជាមួយអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមរៀបចំឡើងនារសៀលថ្ងៃទី ៧ ខែមិនា នៅទីក្រុងហាណូយ។
នៅក្នុងកិច្ចសន្ទនានេះ អង្គប្រជុំបានលើកសំណើរ និងអនុសាសន៍ជាច្រើន ដូចជា៖ ជំរុញការចូលរួម និងភាពជាអ្នកដឹកនាំរបស់នារីទៅក្នុងកិច្ចសន្ទនាគោលនយោបាយ ដែលទាក់ទិននឹងប្រព័ន្ធគាំពារសង្គម សេវាកម្មសាធារណៈ និង ហេដ្ឋារចនាសម្ព័ន្ធ ប្រកដោយនិរន្តរភាព ដើម្បីបង្កើនផលិតភាព ឱកាសសម្រាប់នារីធ្វើការនៅក្នុងខឿនសេដ្ឋកិច្ចក្រៅផ្លូវការ ផ្តោតលើកត្តាភេទក្នុងការប្រមូលទិន្នន័យដើម្បីតាក់តែងគោលនយោបាយសមស្រប និង បង្កើនយន្តការនានាដើម្បីធានាសមភាពភេទ។
ក៏នាថ្ងៃដដែលនេះ នៅទីក្រុងហាណូយ សារមន្ទីរនារីវៀតណាមបានរៀបចំពិធីទទួលយកវត្ថុតាងរបស់លោកស្រី Nancy Hollander ជាសមាជិការមួយរូបនៃគណៈពេសកកម្មនារីសហរដ្ឋអាមេរិក ដែលបានចូលរួមជំនួបសំណេះសំណាលនារីវៀតណាមនៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ ១៩៦៥។ នៅក្នុងពីធីទទួលនោះ លោកស្រី មេធាវី Nancy Hollander បានប្រកាស និងប្រគល់ជូនសារមន្ទីរនារីវៀតណាមនូវវត្ថុតាងចំនួន ៤៥០ មុខ ដែលរួមមាន៖ របាយការណ៍ សៀវភៅកាសែត ទស្សនាវដ្តី ជាដើម ដោយបានគួសសញ្ញាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងនារីសហរដ្ឋអាមេរិក សហព័ន្ធនារីវៀតណាម (ភាគខាងជើង)និងសហព័ន្ធនារីរំដោះភាគខាងត្បូងវៀតណាម។ លោកស្រី Nancy Hollander បានសំណេះសំណាលថា៖
"នាងខ្ញុំមានគោលបំណងថា សារមន្ទីររក្សារទុកវត្ថុដ៏ថ្លៃថ្លាទាំងនេះ ហើយឧទ្ទេសនាមដល់ភ្ញៀវទេសចរ និងជំនានក្រោយៗ ឲ្យយល់ដឹងអំពីដំណាក់កាលនានាដែលនារីត្រូវឆ្លងកាត់ និងការរួមវិភាគទានរបស់នារីក្នុងជំនួបពោលខាងលើ ក៏ដូចជាបុព្វហេតុបញ្ចប់សង្គ្រាមនៅវៀតណាមផងដែរ"។
ព្រឹត្តិការណ៍នេះក៏ជាឱកាសជួបសំណេះសំណាល ក្រោយរយៈដ៏យូររវាងលោកស្រី មេធាវី Nancy Hollander និងលោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជា ប្រធានគណៈបេសកកម្មវៀតណាមកាលពីអតីតកាល។ លោកស្រី Nguyen Thi Binh បានសំណេះសំណាលថា៖
"នាងខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានជួបមិត្តភក្តិមួយរូប ហើយបានរំលឹកអំពីព្រឹត្តិការណ៍ដ៏សំខាន់មួយចំពោះការតស៊ូរបស់ប្រជាជនវៀតណាម។ លោកស្រី Nancy Hollander បានរក្សាទុកនូវវត្តុតាងទាំងនេះអស់រយៈពេល ៥៥ ឆ្នាំហើយ។ ប្រការនេះពិតជាថ្លៃថ្លាណាស់ ដែលបានបង្ហាញមនោសញ្ចេតនារបស់លោកស្រីចំពោះវៀតណាម"៕