សកម្មភាពរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់អគ្គលេខាបក្សលោក Nguyen Van Cu
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ កក្កដា នៅទីក្រុង Bac Ninh ខេត្ត Bac Ninh បានប្រព្រឹត្តទៅពិធីរំលឹក ខួបលើកទី ១១០ ទិវាកំណើតរបស់អគ្គលេខាបក្ស លោក Nguyen Van Cu (ថ្ងៃទី ៩ កក្កដា ១៩១២ - ថ្ងៃទី ៩ កក្កដា ឆ្នាំ ២០២២) ដោយមានការអញ្ជើញចូលរួមរបស់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូប ថ្វាយផ្កានៅមុខរូបបដិមារលោកអគ្គលេខាបក្ស Nguyen Van Cu សង្កាត់ Phu Khe ទីក្រុង Tu Son ខេត្ត Bac Ninh។ (រូបថត៖ TTXVN) |
មុននឹងអញ្ជើញចូលរួមពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញទៅអុជធូប ថ្វាយផ្កានៅ មណ្ឌលកេរ្តិ៍ដំណែលរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Van Cu នៅ សង្កាត់ Phu Khe ទីក្រុង Tu Son ខេត្ត Bac Ninh។ សរសេរក្នុងសៀវភៅក្រាំងមាស បន្ទាប់ពីពិធីអុជធូប លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងការ គោរពវិញ្ញាណក្ខន្ធហើយរំលឹកគុណូបការៈរបស់លោកអគ្គលេខាបក្ស Nguyen Van Cu ដែលជាយុទ្ធជនកុម្មុយនិស្តឆ្នើម មេដឹកនាំឈ្លាសវៃមួយរូបរបស់បក្ស និងបដិវត្តន៍ វៀតណាមជាមនុស្សម្នាក់ដែលមានចក្ខុវិស័យយុទ្ធសាស្ត្រ ជាគំរូដ៏ភ្លឺស្វាងនៃសីលធម៌ បដិវត្ត ស្មារតីសិក្សា ហាត់ពត់លត់ដំដោយខ្លួនឯង ហើយបានធំដឹងក្ដីតាមរយៈការ តស៊ូបដិវត្តន៍ជាក់ស្តែង។
ថ្លែងក្នុងពិធីរំលឹកខួប លេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh លោកស្រី Dao Hong Lan បានសម្តែងនូវមោទនភាពដែលជាស្រុកកំណើតរបស់ លោកអគ្គលេខាបក្ស Nguyen Van Cu។ ពីខេត្តកសិកម្មមួយ ក្រោយរយៈពេល២៥ ឆ្នាំចាប់ពីការបង្កើតខេត្តឡើងវិញ Bac Ninh បានអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដោយ បំពេញលក្ខណៈវិនិច្ឆ័យដើម្បីក្លាយជាខេត្តឧស្សាហ៍កម្មតាមទិសដៅទំនើប។ កំណើន សេដ្ឋកិច្ចសម្រេចបានល្បឿនជាមធ្យម ១៣,៩% ក្នុងមួយឆ្នាំ; ទាក់ទាញការវិនិយោគ បានជិត ២៣ ពាន់លានដុល្លាអាមេរិក។
គួរជម្រាបបន្ថែមទៀតថា អគ្គលេខាបក្ស លោក Nguyen Van Cu ប្រសូត្រនៅ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ១៩១២ ក្នុងគ្រួសារខុងជឺក្រីក្រមួយ ដែលមានប្រពៃណីសិក្សា រៀនសូត្រ នៅភូមិ Phu Khe ឃុំ Phu Khe ស្រុក Tu Son សព្វថ្ងៃគឺសង្កាត់ Phu Khe ទីក្រុង Tu Son ខេត្ត Bac Ninh ដែលជាកូនចៅជំនាន់ទី ១៧ របស់វីរៈបុរសជាតិ - វរជន វប្បធម៌ពិភពលោក Nguyen Trai។ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខា បក្សនៅអាយុ ២៦ ឆ្នាំ (ក្នុងឆ្នាំ ១៩៣៨) ហើយបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅ អាយុ ២៩ ឆ្នាំ (ក្នុងឆ្នាំ ១៩៤១)៕