សេចក្តីជូនដំណឹងអំពីមហាសន្និបាតជាតិលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមជូនចំពោះបណ្តាអង្គទូតនិងអង្គការអន្តរជាតិ
(VOVWORLD) - សេចក្តីជូនដំណឹងអំពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមចំពោះបណ្តាអង្គទូតនិងអង្គការអន្តរជាតិ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៨ ខែមករានៅទីក្រុងហាណូយ។
ប្រធានគណៈទាក់ទងការបរទេសមជ្ឈិម លោក Hoang Binh Quan (រូបថត៖ thanhnien.vn) |
អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ប្រធានគណៈទាក់ទងការបរទេសមជ្ឈិម លោក Hoang Binh Quan បានអះអាងថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ហើយក៏ជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងការអភិវឌ្ឍរបស់បក្សទាំងមូល និងប្រទេសជាតិផងដែរ។ ទាក់ទងនឹងខ្លឹមសារនៃមហាសន្និបាតលើកទី១៣របស់បក្សលោក Hoang Binh Quan បានមានប្រសាសន៍ថា៖
« សេចក្តីព្រាងឯកសារដែលដាក់ជូន មហាសន្និបាត បានទទួលមរតកនិងបំពេញបន្ថែមការអភិវឌ្ឍគោលមាគ៌ានៃការផ្លាស់ប្តូរថ្មីនៃបក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ៣៥ ឆ្នាំកន្លងទៅដោយមានខ្លឹមសារច្នៃប្រឌិតថ្មីជាច្រើននិងមានចំណុចដ៏សំខាន់ៗ ដែលបបានង្ហាញពីចក្ខុវិស័យនិងផ្នត់គំនិតជាយុទ្ធសាស្ត្រ ក៏ដូចជាសេចក្តីប៉ងប្រាថ្នានៃការអភិវឌ្ឍន៍របស់ជាតិនិងការប្តេជ្ញាចិត្តនយោបាយរបស់បក្សប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។ សេចក្តីព្រាងឯកសារនេះក៏បន្តលើកកម្ពស់ការច្នៃប្រឌិតប្រកបដោយភាពស៊ីជម្រៅក្នុងការបន្តជម្រុញការរីកចម្រើនលើគ្រប់ជ្រុងជ្រោយ និងការអនុវត្តព្រមៗគ្នានូវការផ្លាស់ប្តូរថ្មី ព្រមទាំងការធ្វើសមាហរណកម្មសកម្មអន្តរជាតិ និងអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាពផងដែរ»។
ពាក់ព័ន្ធដល់ការងារកម្មាភិបាល លោក Hoang Binh Quan បានអះអាងថា៖
“បក្សកុម្មុយនិស្តវៀតណាមយកចិត្តទុកដាក់ពិសេសដល់ការងារកម្មាភិបាល ដោយចាត់ទុកនេះជាភារកិច្ចសំខាន់បំផុត។ ការងារកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី ត្រូវបានត្រៀមរៀបចំយ៉ាងហត់ច្មត់ ប្រុងប្រយ័ត្ន និងម៉ឺងម៉ាត់ ធានាលក្ខណៈប្រជាធិបតេយ្យ សត្យានុម័តនិងយុត្តិធម៌។ ទន្ទឹមនឹងនោះ ធានាថា គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី ពិតជាសមូហភាពសាមគ្គីគ្នា ស្អាតស្អំ រឹងមាំ មានការឯកភាពគ្នាទាំងខាងឆន្ទៈនិងសកម្មភាព ប្រកាន់ខ្ជាប់នូវគោលដៅឯករាជ្យជាតិនិងសង្គមនិយម ព្រមទាំងជាកម្មាភិបាលគំរូដែលមានប្រាជ្ញា ចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតក្នុងការត្រិះរិះផងដែរ”។
ក្នុងឱកាសនេះដែរ លោក Hoang Binh Quan បានជូនដំណឹងថា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម អញ្ជើញអង្គទូតនិង តំណាងបណ្ដាអង្គការអន្តរជាតិប្រចាំវៀតណាម មកចូលរួមពិធិបើកនិងពិធីបិទនៃមហាសន្និបាតលើកទី១៣របស់បក្ស៕