សេចក្តីថ្លែងការណ៍រួម វៀតណាម - កម្ពុជា

(VOVWORLD) -  នាថ្ងៃទី ៥ ខែតុលា សាធារណរដ្ឋសង្គម វៀតណាមនិងព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមកកាន់ប្រទេសវៀត ណាម។

សេចក្តីថ្លែងការណ៍រួម វៀតណាម - កម្ពុជា - ảnh 1នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមនៃផែនការព្រំដែនជាតិក្នុងឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងវៀតណាមនិងកម្ពុជា 

យោងតាមសេចក្តីថ្លែងការណ៍នេះបានអោយដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក Nguyen Xuan Phuc  នាយករដ្ឋមន្ត្រីវៀតណាម និងបានជួបសម្តែងការគួរសមជាមួយលោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងបានជួបសម្តែងការគួរសមជាមួយ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាជាតិវៀតណាម ព្រមទាំងបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កានៅមណ្ឌបអនុស្សាវរីយ៍វីរបុរសជាតិ និងវិមានតម្កល់សព លោកប្រធាន ហូ ជីមិញ។

ភាគីទាំងពីរបានយកចិត្តទុកដាក់ជាពិសេស ចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំងពីរ ដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន (ប្រមាណ៨៤%) និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោក រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន លើកំណាត់ព្រំដែនដែលនៅសេសសល់ នាពេលអនាគតឆាប់ៗនេះ។ ភាគីទាំងពីរបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការពិនិត្យឲ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាពស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសម្របសម្រួល ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ភាគីទាំងពីរបានយល់ស្របខិតខំប្រឹងប្រែងរួមគ្នា ជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានដទៃទៀត ដើម្បីកសាងសហគមន៍អាស៊ានមួយ ដោយផ្អែកលើគោលការណ៍ច្បាប់ ការរួបរួមគ្នាសាមគ្គីភាព និងការយកប្រជាជនជាស្នូល។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានប្តេជ្ញាសម្របសម្រួលគ្នា ជិតស្និទ្ធទៅវិញទៅមក ក្នុងពេលវៀតណាម ធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០។

ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងចីរភាព ការអភិវឌ្ឍនិងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គ ឲ្យស្របទៅតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាពអាងទឹកទន្លេមេគង្គ សេចក្តីប្រកាសខេត្តសៀមរាប ឆ្នាំ២០១៨ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី០៣ និងសេចក្តីប្រកាសរួមឆ្នាំ២០១៨ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអនុតំបន់ ដែលមានស្រាប់ផ្សេងៗទៀត។

ទាក់ទងនឹងបញ្ហាសសមុទ្រខាងកើត ភាគីទាំងពីរបានចាត់ទុកថា ស្ថានភាពតានតឹងបច្ចុប្បន្ននេះនៅសមុទ្រខាងកើត ត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ