សេចក្តីថ្លែងការណ៍រួមវៀតណាម - កូរ៉េខាងត្បូង ស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានាធិបតីលោក Yoon Suk-yeol និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Yoon Suk Yeol លើកគ្រវីដៃដល់សហគមន៍វៀតណាមដែលចូលរួមពិធីទទួលស្វាគមន៍ (រូបថត៖ Vu Dung/VOV) |
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol, ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានាធិបតីលោក Yoon Suk-yeol និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។
សេចក្តីថ្លែងការណ៍រួមសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូង គឺជាដៃគូឈានមុខ និងសំខាន់របស់គ្នាទៅវិញទៅមកលើគ្រប់វិស័យ; ឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពធ្វើការយ៉ាងជិតស្និទ្ធដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល បញ្ហាសន្តិសុខក្រៅប្រពៃណី សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សន្តិសុខសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការការពារបរិស្ថានសមុទ្រ; ទន្ទឹមនឹងនេះ ឯកភាពពង្រឹងសមត្ថភាពឆ្លើយតបរួមចំពោះស្ថានភាពគ្រាអាសន្ន បន្តសម្របសម្រួលគោលជំហរលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នានិងផលប្រយោជន៍ទៅវិញទៅមក។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើមូលដ្ឋាន “ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ (រូបថត៖ Thong Nhat/TTXVN) |
ភាគីទាំងពីរបានឯកភាពជំរុញកំណើនស្ថិរភាពនៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងទិស ដៅមានតុល្យភាព រក្សាជំហរជាដៃគូពាណិជ្ជកម្មឈានមុខរបស់គ្នាទៅវិញទៅមក និងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លានៅឆ្នាំ ២០២៣ ឈានដល់គោលដៅ ១៥០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត។ ជាពិសេសការបញ្ជាក់ពីគោលការណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានស្នើឱ្យភាគីពាក់ព័ន្ធ អនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការឈានទៅដល់ដំណាក់កាលដំបូងប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារសំខាន់នៃក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS៕