សេចក្តីថ្លែងការណ៍រួមវៀតណាម-បារាំងបញ្ជាក់សារជាថ្មីនូវគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការចំពោះបញ្ហាប្រឈមរួម
(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex នោះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបថត៖ VNA) |
សេចក្តីថ្លែងការណ៍រួម បញ្ជាក់ពីចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ និងសារៈសំខាន់នៃការជំរុញការទទួលបានវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺកូវីដ ១៩ ប្រកបដោយយុត្តិធម៌ និងសមភាព។ យោងតាមសេចក្ដីថ្លែងការណ៍រួមបានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ ១៩ បានសរឲ្យឃើញនូវ សារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងវៀតណាម និងបារាំងលើវិស័យសុខាភិបាល ដែលបានផ្ដើមពីការបង្កើតវិទ្យាស្ថាន Pasteur ដើមដំបូងនៅខាងក្រៅប្រទេសបារាំងក្នុងឆ្នាំ ១៨៩១ តាមគំនិតផ្តួចផ្តើមរបស់លោក Louis Pasteur។
បារាំង និងវៀតណាមនឹងរួមសាមគ្គីគ្នាប្រឈមនឹងផលវិបាកខាងសេដ្ឋកិច្ច និងសង្គមដែលបណ្ដាឡើងពីជំងឺរាតត្បាតកូវីដ ១៩។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ក្នុងស្មារតីនេះ ភាគីទាំងពីរនឹងរៀបចំកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់ ដែលជាវេទិកាសំខាន់នៃកិច្ចសន្ទនាសេដ្ឋកិច្ចទ្វេភាគីនាខែមករា ឆ្នាំ ២០២២។ វៀតណាម និងបារាំងនឹងបន្តអនុវត្តន៍សកម្មភាពជាក់លាក់ សំដៅបង្កលក្ខណៈងាយស្រួលដល់ការតភ្ជាប់ និងផ្លាស់ប្តូរទំនិញ និងសេវាកម្មរវាង សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធុនមធ្យមរបស់បារាំង និងវៀតណាម តាមកិច្ចសហប្រតិបត្តិការជាអាទិភាព។
បារាំងប្តេជ្ញាប្រកៀកស្មាជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសក្នុងក្របខ័ណ្ឌនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវគោលបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច និងឧស្សាហកម្មរយៈពេលវែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ថាមពល និងអវកាស។ ស្តីពីបម្រែបម្រួលអាកាសធាតុ បារាំងសន្យាបន្តជួយគាំទ្រវៀតណាមឆ្ពោះទៅរកគោលដៅកំណើនកាបូនទាប។
ទាក់ទងនឹងបញ្ហាអន្តរជាតិ វៀតណាម និងបារាំងបានអះអាងសារជាថ្មីនូវគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការចំពោះបញ្ហាប្រឈមរួម។ ប្រទេសទាំងពីរបានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់នៃលទ្ធិពហុភាគីនិយម បញ្ជាក់សារជាថ្មីនូវការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ។ សេចក្ដីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍លើដែនសមុទ្រ និងមហាសាគរទាំងអស់ ជាពិសេសគឺនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរព គោលការណ៍ច្បាប់អន្តរជាតិផងដែរ៕